ខេត្តសៀមរាប៖ករណីភ្លើងឆេះព្រៃនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ រហូតដល់ថ្ងៃទី ២៨ខែមីនានេះរកមុខអ្នកលួចដុតមិនទាន់ឃើញនៅឡើយទេ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាភ្លើងឆេះព្រៃលិចទឹកនេះបានកើតមានជាច្រើនថ្ងៃមកហើយ ប៉ុន្តែការគ្រប់គ្រងចុះពន្លត់ នៅមិនទាន់បានជោគជ័យបានទាំងស្រុង។
ពាក់ព័ន្ធករណីភ្លើងឆេះព្រៃលិចទឹកនេះ
ក្រុមសមត្ថកិច្ចចម្រុះ បានសហការគ្នា ចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល០៣ថ្ងៃមកហើយ គិតត្រឹមយប់ថ្ងៃនេះ។ទីតាំងភ្លើងឆេះព្រៃនេះ ស្ថិតនៅក្នុងតំបន់ព្រៃខ្នងចំការ ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប។
បើតាមប្រភពបានលើកឡើងថារហូតមកដល់យប់ថ្ងៃទី២៨នេះលទ្ធផលនៃកិច្ចអន្តរាគមន៍ចុះពន្លត់គ្រប់គ្រងបានប្រហែល%៦០ ប៉ុណ្ណោះ ហើយនឹងបន្តធ្វើនៅព្រឹកថ្ងៃទី២៩ស្អែកបន្តទៀត។
ជុំវិញករណីភ្លើងឆេះព្រៃនេះ លោកនួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់បានថ្លែងថា ឱ្យសមត្ថកិច្ចថ្នាក់ក្រោម ស្រាវជ្រាវ រកជនសង្ស័យដែលបង្កឲ្យមានភ្លើងឆេះនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ប៉ុន្តែបើទោះបីមានការលើកឡើងពី
អភិបាលក្រុងយ៉ាងនេះក្ដី រហូតដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់បានចាប់ជនសង្ស័យណាម្នាក់ពាក់ព័ន្ធករណីនេះ នៅឡើយទេ។
សូមបញ្ជាក់ថាកន្លងទៅក៏មានករណីភ្លើងឆេះព្រៃនៅតំបន់ភូមិសាស្ត្រសង្កាត់ជ្រាវផងដែរ។ បើទោះបែបនេះក្ដី មជ្ឈដ្ឋាននានា សង្ឃឹមថាអាជ្ញាធរមូលដ្ឋាននិងចាត់វិធានការតឹងរឹងនិងស្រាវជ្រាវជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន៕SRP