លោកស្រីម៉ែន សំអន៖ ការពង្រឹងសមភាពយេនឌ័រ ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូប

0

ខេត្តកំពង់ចាម​៖លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា​ ការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធ ចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបាន ជាមួយបុរស ក្នុងការអភិវឌ្ឍ ប្រទេសជាតិ និងរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព។​

លោកស្រីថ្លែង​បែប​នេះ​ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ។

លោកស្រី បាន​ថ្លែង​ថា​ ចំពោះខ្លឹមសារនៃព្រះរាជសារ ព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អំពីការយកព្រះទ័យទុក ដាក់ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គ ដែលជានិច្ចកាលព្រះអង្គ គង់ជាម្លប់ដ៏ត្រជាក់ ត្រជុំសម្រាប់កូនចៅ ចៅទួតទាំងអស់​។

លោកស្រី បាន​សង្កត់​ធ្ងន់​ថា​ ការប្រារព្ធទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ទើបតែខួបលើកទី៤៤ឆ្នាំ ប៉ុណ្ណោះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ស្ត្រី​ក្នុងការថែរក្សា សុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងភាពជាដៃគូ ទាំងស្ត្រី​ និងបុរស ចូលរួមដោយស្មើភាព​ និងស្មើសិទ្ធ ជាមួយប្រជាពលរដ្ឋ​ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់​ និងសកលលោក ជាពិសេស នៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។​ ដេីម្បីឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយសមភាពយេនឌ័រ​ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យក្នុងយុគសម័យឌីជីថល​ ដែលជាការងារ អន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋាន​ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕SRP