ខេត្តសៀមរាប៖ក្នុងនាមតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអំពីតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងនីតិវិធីរួមសម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ បច្ចុប្បន្នពិភពលោកកំពុងទទួលរងនូវការប្រែប្រួលអាកាសធាតុ គួរឱ្យកត់សម្គាល់ ដែលជាបញ្ហាប្រឈមជាសកល ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ ដែលប្រទេសទូទាំងពិភពលោកបានចាត់វិធានការ ក្នុងការទប់ស្កាត់ គ្រោះមហន្តរាយនានាដែលកើតឡើង អំពីការប្រែប្រួលអាកាសធាតុនេះ។
លោកបន្តថាជាក់ស្តែង នៅឆ្នាំ២០២២ កន្លងទៅនេះ បណ្តាភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើង ដោយសារគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ មានក្រុង-ស្រុកចំនួន ១២ រួមមាន៖ ក្រុងសៀមរាប, ស្រុកជីក្រែង, សូទ្រនិគម, អង្គរជុំ, ក្រឡាញ់, ប្រាសាទបាគង, បន្ទាយស្រី, ស្វាយលើ, បន្ទាយស្រី, ស្រីស្នំ, ពួក និងស្រុកវ៉ារិន ដែលបានទទួលរងនូវផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ ដំណាំបន្លែ និងដំណាំកសិឧស្សាហកម្មដំឡូងមី ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ករណីលង់ទឹក ព្រមទាំងវិបត្តិសកលនៃជំងឺកូវីដ-១៩ ជាដើម។
ទន្ទឹមនឹងនេះ ទោះបីមានវិបត្តិសកល នៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់ គ្រោះមហន្តរាយធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្តី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត-ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង-ស្រុក តែងតែជួយអន្តរាគមន៍ ដោះស្រាយរាល់បញ្ហា នៅក្នុងមូលដ្ឋានភ្លាមៗ បានទាន់ពេលវេលា ព្រមទាំងមានការគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយ បញ្ហាចំពោះមុខស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ៕SRP

