ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ប្រជាពលរដ្ឋ បានផ្ដល់ប្រាក់ឲ្យមន្ត្រីរាជការតាមរយៈ រាជរដ្ឋាភិបាល ដូច្នេះ មន្ត្រីរាជការត្រូវតែខិតខំធ្វើការ បម្រើប្រជាពលរដ្ឋ ពោលគឺ បន្ទាប់ពីបានទទួលសំណើ និងសំណូមពរ ពីប្រជាពលរដ្ឋ ហើយ ត្រូវតែយកមកដោះស្រាយជូនពួកគាត់ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ម្យ៉ាងទៀត រាល់ផែនការ ដែលបានដាក់ចេញ គឺត្រូវតែអនុវត្តន៍។ ដូច្នេះ ឮមន្ត្រីទាំងអស់ ត្រូវតែរួមគ្នាខិតខំ ដោះស្រាយគ្រប់បញ្ហា បើទោះបីជា រឿងតូច ឬរឿងធំ ក៏ដោយ ត្រូវតែរួមគ្នាយកមកដោះស្រាយឱ្យបានឆាប់រហ័ស ចៀសវាងបញ្ហាតូច ក្លាយជារឿងធំ។
លោក អ៊ុន ចាន់ដា បានបន្តថា ចំពោះ ខេត្តកំពង់ចាម ថ្នាក់ដឹកនាំ បានកោតសរសើរ ដល់អាជ្ញាធរខេត្ត ដែលបានខិតខំដោះស្រាយគ្រប់បញ្ហា ជូនប្រជាពលរដ្ឋ ធ្វើរហូតដល់ពេលនេះ មានសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋត្រឹមតែ ១៩ករណី ប៉ុណ្ណោះ ខណៈពេលដែលខេត្តនេះ មានប្រជាពលរដ្ឋច្រើន ដល់ទៅជាង ១លាននាក់ បើប្រៀបធៀបទៅនិងខេត្តផ្សេងៗ មានប្រជាជនតិច តែកើតមានបញ្ហាច្រើន មិនទាន់បានដោះស្រាយ។
អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហារបស់ប្រជាពលរដ្ឋ កើតឡើងនាពេលកន្លងមក មានដូចជា៖ បញ្ហាក្នុងក្រុមគ្រួសារ បញ្ហាព្រំដី ករណីសុំបើកផ្លូវជាដើម ដែលទាំងនោះជាករណីតូចៗ ប៉ុន្តែ ត្រូវបានអាជ្ញាធរខេត្ត ធ្វើការដោះស្រាយភ្លាមៗ ដោយមិនទុករឿងទាំងនោះ ឲ្យរីករាលដាល ទៅជារឿងធំនោះឡើយ។ ដូច្នេះ សូមឱ្យមន្ត្រីទាំងអស់ រួមសហការគ្នា ដោយត្រូវកែប្រែឥរិយាបថ ខិតខំដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត និងដើម្បី ឆ្លើយតប ទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា យើង ផងដែរ។
លោកអ៊ុន ចាន់ដា បញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផល វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅថ្ងៃពុធម្សិលមិញ
ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម រូបនេះក៏បានធ្វើការក្រើនរំលឹក ដល់មន្រ្តីមួយចំនួន ត្រូវកែប្រែ ឥរិយាបថ ក្នុងការងារបម្រើសេវា ជូនប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវប្រញ៉ាប់ដោះស្រាយ ប្រសិនបើប្រជាពលរដ្ឋ មានតម្រូវការផ្សេងៗ នៅក្នុងមូលដ្ឋានផងដែរ។
អភិបាលខេត្ត មានប្រសាសន៍បន្តថា ការរៀបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ជាច្រើន ត្រូវតែយកមកដោះស្រាយ ពីព្រោះ នេះគឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលតម្រូវឲ្យមន្ត្រីទាំងអស់ ត្រូវតែខិតខំធ្វើការងារ ឱ្យអស់ពីចិត្ត ពីថ្លើម និងដោយស្មោះត្រង់បំផុត ជាមួយនឹងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ជាពិសេស ការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ៕SRP

