អំពើពុករលួយ នៅក្រសួងអភិវឌ្ឍន៍ជនបទ កំពុងកើតមានរីករាលដាល

ថ្មីៗនេះមានការបែកធ្លាយអំពើពុករលួយរីករាលយ៉ាងខ្លាំងនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដែលគ្រប់គ្រងដោយរដ្ឋមន្ត្រី លោក អ៊ុក រ៉ាប៊ុន។

នេះបើតាមបណ្ដាញសង្គមនិងបណ្ដាញសារព័ត៌មានបានចេញផ្សព្វផ្សាយ លាតត្រដាង នូវអំពើពុករលួយ លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

មន្ដ្រីមួយចំនួននៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនបានទបង្ហើបឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានលោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្អូនថ្លៃលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកាត់ភាគរយប្រមូលយកផលប្រយោជន៍ដាក់ហោប៉ៅ គឺរហូតដល់ប្រមាណ ២០ភាគរយឯណោះ ជាពិសេសចំពោះគម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការដ្ឋ។

ប្រភពបានបន្តថា បានកាលពីឆ្នាំ២០២២ កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ មានខ្ទង់ថវិកាចំណាយចំនួន ៨៧០ ៤១០លានរៀល ឬប្រមាណជាង ២០០លានដុល្លារអាមេរិក ( ក្នុងនោះ ថវិកាវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ៥៤១ ៥១៥លានរៀល និងថវិកាជាតិ ៣២៨ ៨៩៥លានរៀល )។ ដូច្នេះ តាមរូបមន្ដ « កាត់កងភាគរយ » រហូតដល់ប្រមាណ២០ភាគរយ អនុវត្តដោយក្រុមមន្ដ្រីពុករលួយនៅលើគម្រោងអភិវឌ្ឍន៍នានា ដែលប្រើប្រាស់ថវិកាជាតិប្រមាណជាង ៨០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២កន្លងទៅ គឺលោក ភួង សោភា និងបក្ខពួក អាចប្រមូលកើបលុយដាក់ហោប៉ៅបានមិនតិចជាង ១០លានដុល្លារឡើយ ។

មន្ត្រីដដែលបានបន្តថា អំពើពុករលួយរបស់លោក  ភួង សោភា និងបក្ខពួក បានធ្វើឲ្យលទ្ធផល នៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ បាត់បង់ប្រសិទ្ធភាព និងមិនចំគោលដៅអភិវឌ្ឍន៍ពិតប្រាកដស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នោះទេ។

ប្រភពដដែលបានបន្តថា លោក អ៊ុក រ៉ាប៊ុន បានមកកាន់តំណែងជា រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានធ្វើឲ្យក្រសួងនេះ ត្រូវគេនិយមហៅថា ក្រសួង « អភិវឌ្ឍន៍ក្រុមគ្រួសារបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន » ផងដែរ។

មន្ដ្រីរាជការមួយចំនួនបានសំណូមពរដល់ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ពិនិត្យមើល និងមានវិធានការទៅលើអំពើពុករលួយរបស់លោក ភួង សោភា និងបក្ខពួក នៅក្រសួងអភិវឌ្ឍន៍ជនបទ នោះឲ្យបានទាន់ពេលវេលាផង។

រហូតដល់ថ្ងៃនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ការចោទប្រកាន់នេះ គឺជាការមិនពិត ហើយការកាត់ ២០ភាគរយ ក៏មិនអាចធ្វើទៅរួចទេ។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថា “ព័ត៌មាននេះមិនពិតទេ ហើយនៅក្នុងការងារនេះ គឺសុទ្ធតែមានគណៈកម្មការលទ្ធកម្មរបស់គេត្រឹមត្រូវ ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយអារឿងការកាត់នឹងមិនមានទៀត។ តាមការយល់ឃើញរបស់ខ្ញុំ មិនអាចធ្វើទៅរួចទេ ព្រោះអីសុទ្ធតែអនុវត្តទៅតាមក្រុមការងារទាំងអស់”។

ជាមួយគ្នានេះ ផងដែរ ប្រភពពីមន្ត្រីបានទម្លាយឲ្យដឹងថា អង្គភាពលទ្ធកម្ម (អល) នៃក្រសួងអភិវឌ្ឍន៍ជនបទ គឺជាកន្លែងរៀបចំបំប៉ោងគម្រោងពីការចំណាយលុយរដ្ឋ ដើម្បីយកមកចែកផលប្រយោជន៍គ្នាធ្វើមានបាន នៅក្នុងជួរថ្នាក់ដឹកនាំក្រសួង ទៅតាមជំនាញដូចជា អគ្គនាយកហិរញ្ញវត្ថុខុទ្ទកាល័យ និងក្រុមហ៊ុន ដែលជាអ្នកផ្តល់លុយជូនក្រុមមន្ត្រីតាមរយៈស៊ីមុនសងតាមក្រោយ។ ជាក់ស្តែងបើមើលទៅលើ តារាងសរុបផែនការលទ្ធកម្មប្រចាំ ឆ្នាំ២០២១ គិតត្រឹមតែ១៣គម្រោងក្រុមនេះ បានធ្វើស៊ីឬលម្អៀងសាច់ប្រាក់អស់រាប់លានដុល្លារ ដោយសារការទិញរបស់របរប្រើប្រាស់នៅក្នុងក្រសួងមន្ទីរដាក់លើសតម្លៃទីផ្សារ «មួយគុណនឹងបីឬបួនដង»៕SRP