ខេត្តសៀមរាប៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានផ្ដល់អនុសាសន៍ ឱ្យអាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តសហការជិតស្និត ជាមួយ អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សា ការពារបេតិកភណ្ឌជាតិ ពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបអំពើខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបូរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាការ ចាត់វិធានការតាមច្បាប់ផងដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាប នៅថ្ងៃអង្គារ ម្សិលមិញ សម្ដេច ស ខេង ក៏បានផ្ដល់មតិឱ្យពិនិត្យការរៀបចំកំណត់ទីតាំងឈរជើង ការពារជាអាទិភាពជាថ្មី និងការចល័ត យាមល្បាតពង្រឹងការឃ្លាំមើល មិនអនុញ្ញាត ឱ្យមានការចេញចូល តំបន់ហាមឃាត់ជាអាទិភាពនានា ចំពោះបុគ្គលិកទាំងឡាយណា ដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា ពិសេសនៅពេលយប់ តាមចំណុចសំខាន់ៗ នៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត សំដៅឆ្លើយតបការអភិវឌ្ឍរីកចម្រើន និងស្ថានភាពប្រែប្រួលស្មុគស្មាញនៃបទល្មើសនានា។
សម្តេច ស ខេង ក៏បានប្រាប់អង្គភាពនគរបាលការពរបេតិកភណ្ឌ បង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យ នានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។
នាយករដ្ឋមន្រ្តីស្ដីទី ក៏បានណែនាំអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី ក្នុងកិច្ចការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិដែលមកបំពេញបេសកម្ម និងទស្សនៈកិច្ចនៅតំបន់អង្គរ និងតំបន់ផ្សេងទៀត ហើយ អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទាំងអង្គភាពនគរបាលការរបេតិកភណ្ឌ ត្រូវខិតខំថែរក្សា បរិស្ថាន ធម្មជាតិ ដែលជាផ្នែកមួយ នៃទេសភាពវប្បធម៌ របស់រមណីយដ្ឋានអង្គរ៕SRP