ប្រជាពលរដ្ឋប្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ទាមទារសំណងចំនួន ១លាន ៦សែនដុល្លារ

ប្រជាពលរដ្ឋប្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ទាមទារសំណងចំនួន ១លាន ៦សែនដុល្លារ

ភ្នំពេញ៖ប្រជាពលរដ្ឋបានប្តឹងលោកប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ពាក់ព័ន្ធករណីឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិលក់ដីរបស់ពួកគាត់ និងទាមទារសំណងចំនួន ១លាន ៦សែនដុល្លារ។

ប្រជាពលរដ្ឋដែលដើមបណ្តឹង គឺលោក យ៉ាត សាន និងប្រពន្ធឈ្មោះ តុប ចាន់ថុល រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

បើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩០ រដ្ឋបានធ្វើការបែងចែកដីមកឲ្យគ្រួសាររបស់គាត់ ដែលមាន សមាជិកគ្រួសារចំនួន០៧នាក់ ដើម្បីធ្វើស្រែក្នុងទំហំ ៤១,៣៩អា ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានបង្កាន់ដៃទទួលពាក្យលេខ ១៨៥៤៣ ភព ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩០។ ក្រោយមកក្នុងអំឡុងឆ្នាំ ២០១២-២០១៣ តំបន់នេះត្រូវបានក្រុមមន្ត្រីសុរិយោដីធ្វើប័ណ្ណ ជូនប្រជាពលរដ្ឋ ប៉ុន្តែដីនេះត្រូវបានមន្ត្រីសុរិយោដីចុះបញ្ជីជូនគ្រួសារគាត់តែចំនួន ២៤៩៥ ម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែកដីទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជី ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់ធ្វើស្រែរហូតមកសព្វថ្ងៃ។ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ពួកគាត់បានលក់ដីទំហំ ២៤៩៥ ម៉ែត្រការ៉េដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥១៥០៤-០០០២ ឲ្យទៅឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា។ បន្ទាប់មកឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីដែលមានទំហំ និងទីតាំងដូចខាងលើទៅឲ្យឈ្មោះ រ៉ង រ៉ា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្រោយមកឈ្មោះ រ៉ង រាំ បានលក់ដីនោះបន្តទៅឲ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ ឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ បានលក់ដី ដែលមានទំហំ និងទីតាំងដដែលនោះឲ្យទៅឈ្មោះ «ជួន សុវណ្ណ អាយុ៣៦ឆ្នាំ» និងប្រពន្ធឈ្មោះ ធី សុគន្ធា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ផ្ទុយមកវិញនៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ បានក្លាយជាម្ចាស់សិទ្ធិករ នៃដីដែលមានទំហំ ២៤៩៥ ម៉ែត្រការ៉េនោះ ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានឃុបឃិតជាមួយប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពានលើដី ដែលពួកគាត់កំពុងកាន់កាប់ជាក់ស្តែង ហើយមិនទាន់បានធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុនៅឡើយទេ។ បន្ទាប់មកឈ្មោះខាងលើនេះ មិនត្រឹមតែលួចធ្វើវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុបំពានយកដីរបស់ពួកគាត់ប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងបានលក់ដីដែលមានប័ណ្ណកម្មសិទ្ធិ ដែលបានមកពីការឃុបឃិតជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានការិយាល័យ ភូមិបាលនោះ លក់ទៅឲ្យឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ថែមទៀតផង។

ដូចនេះឃើញថា ទង្វើរបស់ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ព្រមទាំងលោកប្រាក់ សុគន្ធសំណាង បានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ដល់យើងខ្ញុំទាំងពីរ ក៏ដូចជាដើម្បីឲ្យពួកគេបានទទួលទោសតាមច្បាប់ ឲ្យសមនឹងទង្វើដែលពួកគាត់បានប្រព្រឹត្តលើយើងខ្ញុំ ព្រមទាំងបញ្ឈប់នៅទង្វើរបស់មន្ត្រីសុរិយោដីរូបនេះ កុំឲ្យប្រព្រឹត្តមកលើប្រជាពលរដ្ឋស្លូតត្រង់ដទៃទៀត។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសូមឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់នឹងផ្តន្ទាទោសឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា និងលោកប្រាក់ សុគន្ធសំណាង តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្ត និងខាតបង់ពេលវេលាចំនួន ១លាន ៦សែនដុល្លារ។

រហូតដល់ថ្ងៃអាទិត្យនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺ ពីឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា និងលោកប្រាក់ សុគន្ធសំណាង នៅឡើយទេ៕SRP