ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន នៅសាលពិព័ណ៌កោះពេជ្រ នៅល្ងាចថ្ងៃសៅរ៍ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំស្ថាប័នជាតិ ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវរបស់ខ្លួននោះទេ។
សម្ដេចហ៊ុន សែន បន្តថាវានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើអ្នកទាំងអស់គ្នាចាត់ទុកថា អ្នកសារព័ត៌មានគឺជាសត្រូវរបស់ខ្លួន។ “ពិតហើយខ្ញុំមិនជំទាស់ទេ ជាមួយនឹងសារព័ត៌មានខ្លះ ដែលវាអត់បានការ សូម្បីតែខ្ញុំក៏ខ្ញុំមិននិយាយរកផង។ ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អនៅក្នុងការផ្តល់ជូនសាធារណៈជននៅរឿងពិត គឺត្រូវគប្បីរាប់រក នឹងធ្វើទំនាក់ទំនងឲ្យបានល្អដើម្បីផ្សាភ្ជាប់ព័ត៌មាននេះជាមួយព័ត៌មានដែលយើងធ្វើជូនទៅសាធារណៈជនឲ្យបានដឹង។សារព័ត៌មាននៅក្នុងប្រទេសរបស់យើងដែលគេធ្វើការត្រឹមត្រូវ គឺអស់លោកគួរត្រូវបានធ្វើទំនាក់ទំនង ហើយធ្វើខ្សែរយៈលឿនបំផុត”៕SRP