ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃ ទី១២ ខែមករា ឆ្នាំ២០២៣ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្ន យើងបានជាប់កិច្ចសន្យាសាកល្បងជាមួយក្រុមហ៊ុន ស៊ីនទ្រី ក្នុងការកែប្រែរបៀបប្រមូលសំរាម បើ បងប្អូនប្រជាពលរដ្ឋ មិនពេញចិត្តនឹងតម្លៃសេវាទេនោះ សូមអញ្ជើញមកតវ៉ានៅសាលាក្រុងកំពង់ចាម ដើម្បី ជជែកគ្នារកដំណោះស្រាយឲ្យបានសមស្រប។
អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងដំណាក់កាលជាប់កិច្ចសន្យាសាកល្បងជាមួយក្រុមហ៊ុន ស៊ីនទ្រី ដើម្បីកែប្រែរបៀបប្រមូលសំរាមថ្មីនេះដែរ គឺយើងធ្វើឡើងត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ សម្រាប់នៅក្រុងកំពង់ចាម និងនៅតាមបណ្តាស្រុកមួយចំនូនទៀត ហើយបើឃើញថាល្អ គឺយើង នឹងបន្តទៅមុខទៀត ដោយមានក្រុមការងារចំនួន៣ សម្រាប់ដោះស្រាយនូវបញ្ហាផ្សេងៗទៀងផង ទី១-គឺក្រុមការងារតាមដានការប្រមូលសំរាម ទី២-ក្រុមការងារគ្រប់គ្រងការប្រមូលសំរាម និងការ ប្រមូលថវិកា និងទី៣-ក្រុមការងារដោះស្រាយនូវវិវាទផ្សេងៗ ដូច្នេះសូមឲ្យមានការចូលរួមទាំងអស់គា្ន ដើម្បីទីក្រុងមានសោភ័ណភាពល្អស្អាត និងថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
គួររំលឹកថា ការសាកល្បងកែប្រែរបៀបប្រមូលសំរាមថ្មីនេះ គឺត្រូវកំណត់ឲ្យ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើ ការប្រមូលសំរាម ថ្លឹងគីឡូលក់ទៅឲ្យក្រុមហ៊ុនផ្សេងមួយទៀត ក្នុង១តោនប្រមាណជា ១៨ដុល្លារ ហើយប្រជាពលរដ្ឋនៅគ្រប់ខ្នងផ្ទះ ត្រូវប្រើប្រាស់ប្រព័ន្ធអែប ដើម្បីបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម តាមវិក្កយបត្រ ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ពោលគឺក្រុមហ៊ុន ស៊ីនទ្រី មាន ភារកិច្ចត្រឹមប្រមូលសំរាមថ្លឹងគីឡូហើយលក់យកលុយ ចំពោះការប្រមូលថវិកាគឺស្ថិតនៅលើអាជ្ញាធរ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុន កិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពរយៈពេល៣ខែ(មករា កុម្ភៈ មីនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម៕SRP