ជនបរទេស អាជីវករអ្នករកស៊ី នៅក្នុងតំបន់ផ្សាររាត្រី ផាប់ស្ទ្រីត ត្រៀមដាក់ពាក្យបណ្តឹង ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ទៅស្ថានទូតនិងក្រសួងមហាផ្ទៃ

ជនបរទេស អាជីវករអ្នករកស៊ី នៅក្នុងតំបន់ផ្សាររាត្រី ផាប់ស្ទ្រីត ត្រៀមដាក់ពាក្យបណ្តឹង ប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ទៅស្ថានទូតនិងក្រសួងមហាផ្ទៃ

ខេត្តសៀមរាប៖ជនបរទេស ព្រមទាំងអាជីវករ ដែលប្រកបរបរផ្សេងៗ នៅក្នុងតំបន់ផ្សាររាត្រី (PUB STREET) ក្នុងក្រុងសៀមរាប បានសម្តែងនៅការមិនពេញចិត្ត និងត្រៀមដាក់ពាក្យបណ្តឹងប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅស្ថានទូតនិងដូចជាក្រសួងមហាផ្ទៃ។

ការត្រៀមដាក់ពាក្យបណ្ដឹង ទៅស្ថានទូតនិងដូចជាក្រសួងមហាផ្ទៃ ប្ដឹងលោកវរសេនីយ៍ទោ ទី សុឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ យ៉ាងដូច្នេះ បន្ទាប់ពីមានការផ្ទុះរឿងអាស្រូវ របស់ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប រូបនេះ ចុះអនុវត្តន៍ការងារខុសនិតិវិធី។ នេះបើតាមការផ្សព្វផ្សាយសារព័ត៌មានក្នុងស្រុកកាលពីយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកវរសេនីយ៍ទោ ទី សុឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ នេះ ត្រូវបានគេរាយការណ៍មកថាចុះអនុវត្តការងារខុសនីតិវិធី ព្រោះចង់បានលាភសក្ការៈ។

ប្រភពព័ត៌មានដដែលបន្តថា ប្រធានអង្គភាពនគរបាលទេសចរណ៍ ដែលមាន លោកវរសេនីយ៍ទោ ទី សុឡែន ជាប្រធានបានរៀបគម្រោងដើម្បីដាក់ខែ តាមហាងមួយចំនួន និងយកលុយពីជនពិការលេងភ្លេងនៅតំបន់ pub street យ៉ាងគគ្លើន។ ចំណែកមន្ត្រីរាជការមួយចំនួននៅក្នុងអង្គភាពនេះ បានសម្តែងការមិនពេញចិត្តចំពោះប្រធានអង្គភាពនគរបាលទេសចរណ៍ ដែលមាន លោកវរសេនីយ៍ទោ ទី សុឡែន ដែលប្រព្រឹត្តិខុសនឹងច្បាប់កំណត់បែបនេះ។ ដោយពេលខ្លះភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅតំបន់អង្គរ ហើយជ្រុះបាត់សម្ភារៈ និងបានមកសុំធ្វើលិខិតបញ្ជាក់ថា បានបាត់ពិតប្រាកដមែននោះ ក៏លោកប្រធានអង្គភាពនគរបាលទេសចរណ៍ តម្រូវឲ្យយកលុយពីភ្ញៀវទេសចរណ៍ផងដែរ។

ប្រភពបានបញ្ជាក់ទៀតបន្តថា នៅក្នុងអង្គភាពមួយនេះ មានមន្ត្រីប្រមាណជាង៣០នាក់ ប៉ុន្តែមិនសូវមុខ មកនម្រើការងារនោះទេ ពោលគឺដាក់ព្យួរឈ្មោះដើម្បីទុកលុយដាក់ហោប៉ៅ។

ជុំវិញការលើកឡើងរបស់អាជីវករបែបនេះ «អង្គភាពសៀមរាប ប៉ុស្តិ៍» នៅមិនទាន់ទទួលបានការបំភ្លឺ ពីប្រធានអង្គភាពនគរបាលទេសចរណ៍ លោកវរសេនីយ៍ទោ ទី សុឡែន នៅឡើយទេ។ ប៉ុន្តែលោកវរសេនីយ៍ទោទី សុឡែន បានប្រាប់អ្នកសារព័ត៌មានថា៖ ករណីនេះលោក មិនចង់តបតឬ ក៏ប្តឹងផ្តល់ជាមួយខាងព័ត៌មាននោះទេ ហើយការដែលលោកចុះមករៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះ គឺទៅតាមបណ្ដឹងរបស់អាជីវករតែប៉ុណ្ណោះ។ លោកថា បើចង់ដឹងព័ត៌មាន សូមទៅកាន់អង្គភាព ដើម្បីជជែកគ្នាឲ្យដឹងព័ត៌មានច្បាស់៕SRP