ភ្នំពេញ៖លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានមនុស្ស២នាក់ សម្រេចដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។
ដើមបណ្តឹងទាំងពីរនាក់មានដូចជា ទី១. លោកស៊ន សម្បត្តិ និងទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទាមទារលុយដែលលោកគឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយដែលជំពាក់ ៣០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ។
ជុំវិញករណីនេះ សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទង
លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺបាននៅឡើយទេ៕SRP