ខេត្តសៀមរាប៖ចំការអំពៅ របស់ប្រជាពលរដ្ឋចំនួន៦ហិកតា បានរងការឆាបឆេះទាំងស្រុង។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៤០នាទី រលត់ទៅវិញនៅ ម៉ោង ២០និង៤០នាទី ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
លោក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគិ្គភ័យ និង សង្គ្រោះ ស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីអគ្គីភ័យភ្លើងឆេះចំការអំពៅ មានម្ចាស់ ឈ្មោះ ឆេត សុភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក ឌុត ខុន បន្ថែមទៀតថា លោកបានសហការជាមួយ រថយន្តបង្ការពន្លត់អគ្គិភ័យ របស់អាជ្ញាធរជាតិអប្សរា នឹង រថយន្តបង្ការពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ដើម្បីជួយសង្គ្រោះបន្ទាន់ មានចំនួន ០៥ គ្រឿង។ ក្នុងនោះ- រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ឡាន។- រថយន្តពន្លត់អគ្គិភ័យ អាជ្ញាធរជាតិអប្សរា ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ ឡាន។ រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ១ គ្រឿង។
បើតាមស្នងការរងរូបនេះ មូលហេតុ ប្រជាពលរដ្ឋអ្នកដុតយកសំបុកឧម៉ាល់នៅក្បែរនោះ ទើបបណ្តាលឱ្យ រាលដាល ឆេះបែបនេះ។ ទោះជាយ៉ាងណាចំពោះការឆាបឆេះនេះ នគរបាលមិនបានថា អស់ទឹកប្រាក់ ប៉ុន្មាននោះទេ៕SRP