ទោះល្បីរឿងអាស្រូវ តែ ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល នៅតែរក្សាតំណែងបានដដែល

ខេត្តកណ្ដាល៖បើទោះបីជាមានការផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ លោក ម៉ឹង យូឡេង អាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាលឡើងដុះស្លែពុំមានការផ្លាស់ប្ដូរនោះទេ។

តាមការបង្ហើបានឲ្យដឹងថា ការដែលមិនមានការផ្លាស់ប្ដូរបែបនេះ ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនបានរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿងអាស្រូវច្រើនបែបច្រើនយ៉ាង របស់លោក ម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើបលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ខេត្តកណ្ដាល ធ្វើអ្វីៗតាមតែអំពើចិត្ត។

ថ្មីៗនេះក្រុមឈ្មួញនិង អាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ស្រុកលើកដែក ខេត្តកណ្ដាល បានលាតត្រដាងរឿងអាស្រូវ របស់លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ដែលប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុក។

ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ទេនោះ គឺលោក អូន រស្មី មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។

ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានលើកឡើងថា​ ករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 នៅស្រុកកណ្ដាលស្ទឹង និងប្រធានស្ថានីយ៍ផ្លូវជាតិលេខ4 នៅស្រុកអង្គស្នួល គឺដោយសារអាងមានលោក ម៉ឹង យូឡេង ជាបង្អែករឹងមាំ។ រីឯលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យមន្រ្តីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយការពារគ្រប់ពេលវេលា។ ប្រសិនបើគ្មានខ្នងបង្អែកក្រាស់ទេនោះប្រហែលលោក ម៉ឹង យូឡេង មិនអាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានដល់សព្វថ្ងៃនេះឡើយ។

ទោះជាយ៉ាងណាសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ម៉ឹង យូឡេង នៅឡើយទេ៕SRP