សម្តេចតេជោហ៊ុន សែន បានដាសតឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួនហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទគណបក្សប្រជាជនកម្ពុជាថាជា ចោរលួចសន្លឹកឆ្នោត នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។
សម្តេចតេជោហ៊ុន សែន ក៏បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំងថា ជម្រើសមានតែពីរទេ គឺវិធានការច្បាប់ និងដំបង។ តើរើសយកមួយណា? ។សម្តេចតេជោក៏បានធ្វើការព្រមានចំពោះលោក គង់ គាំ ផងដែរ ចំពោះរឿងវាយប្រហារមកលើបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏នអំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ ការវាយប្រហារលើបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយនីមួយៗ អាចឃោសនាពីបក្សរបស់ខ្លួនឯងបានហើយ កុំវាយប្រហារមកលើគណបក្សប្រជាជន។
ថ្លែងសារនយោបាយរបស់សម្ដេចតេជោ ក្នុងពិធីការបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម ធ្វើឡើងនៅថ្ងៃចន្ទនេះ៕SRP