អាជ្ញាធរខេត្តកំពង់ចាម បើកយុទ្ធនាការ ផ្សព្វផ្សាយ សារអប់រំ អំពីវិធានការ ទប់ស្កាត់ការ ជំងឺកូវីដ១៩

ខេត្តកំពង់ចាម៖ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្រោយពីទទួលការណែនាំពីលោកអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺcovid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ក្រុង-ស្រុកនៃខេត្តកំពង់ចាមបានបើកយុទ្ធនាការយ៉ាងក្ដៅគគុក ដោយ ប្រើប្រាស់រថយន្តឬម៉ូតូ ជាមធ្យោបាយ ភ្ជាប់ជាមួយឃោសនាស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំ អំពីវិធានការនានា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់ច្រកល្ហក។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០នេះលោកផេន សុផល អភិបាលស្រុកបាធាយ ក៏ដូចជានៅតាម បណ្ដាក្រុង -ស្រុកទូទាំងខេត្តកំពង់ចាមបានដឹកនាំកម្លាំងនិងមន្ត្រីពាក់ព័ន្ធចុះផ្សព្វផ្សាយ ដោយចាក់សារសំឡេងអប់រំនៅតាមទីសាធារណ: និងទីផ្សារនានាតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលក៏ដូចជាគោលការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាមដែលមានខ្លឹមសារថា១ -ត្រូវលាងសម្អាតដៃឲ្យបានស្អាតញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុលជាប់ជាប្រចាំ ។
២-ត្រូវផ្ទប់មាត់ច្រមុះ នៅពេលក្អកកន្តាស់ ដោយប្រើកែងដៃឬក្រដាស់ អនាម័យ រួចបោះចោលក្នុងធុងសំរាម ភ្លាមហើយលាងសម្អាតដៃនឹងសាប៊ូឲ្យបានស្អាត ។
៣ -ត្រូវនៅឲ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅក្អកកន្តាស់ផ្តាសាយ។
៤-ត្រូវចៀសវាង ការជួបជុំកន្លែងដែលមានមនុស្សចូលរួមច្រើន។
៥-បើសិនជាមានរោគសញ្ញាណាមួយឬមានបញ្ហាសុខភាពផ្សេងៗ សូមប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ។
៦-ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសត្រូវនៅតែក្នុងផ្ទះរយៈពេល១៤ថ្ងៃគិត ចាប់ពីថ្ងៃមកដល់ដោយត្រូវអនុវត្តន៍ ដូចខាងក្រោមគឺត្រូវនៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់អាកាស បរិសុទ្ធចេញចូលបានល្អសូមនៅឲ្យឆ្ងាយពីសមាជិកគ្រួសារចម្ងាយ២ម៉ែត្រត្រូវលាងដៃងូតទឹកសម្អាត ខ្លួន ប្រាណ ប្រដាប់ ប្រដាប្រើប្រាស់ផ្សេងៗនិងផ្លាស់ប្ដូរសម្លៀកបំពាក់ដែល បានបោកគក់រួច ឲ្យបានញឹកញាប់ហើយតាមដានសុខភាពផ្ទាល់ខ្លួនប្រសិនបើក្តៅខ្លួនក្អកកន្តាស់ឬពិបាកដកដង្ហើមសូមទាក់ទងទៅលេខទូរស័ព្ទ១១៥ជា បន្ទាន់ដើម្បី ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសង្ឃឹមថាបងប្អូន ប្រជាពលរដ្ឋ មានការយល់ដឹងនឹងអនុវត្តន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីសុខភាពយើងទាំងអស់គ្នា៕SRP

Leave a Reply