សមាគមន៍សាសនាចក្រ​ ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល​ ជាង៤៦ម៉ឺន​ដុល្លារ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុកព្រៃឈរ

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បាន​ថ្លែង​ថា​ គុណភាព​ និងប្រសិទ្ធភាពនាំមកនូវការជឿទុកចិត្ត​ កិច្ចសហការគាំទ្រ​គ្នា និងភាពជាដៃគូល្អ​ បានផ្តល់នូវសមិទ្ធផលថ្មីៗ បន្ថែមទៀត​ ក្នុង​វិស័យ​សុខាភិបាល​ នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៤៦ម៉ឺន​ដុល្លារ​ ដេីម្បី​​បម្រេី​ដល់​ការជួយ​សង្គ្រោះ​ អាយុជីវិត​ប្រជាជនយេីង​។

ការ​ថ្លែង​បែប​នេះ​ក្នុងពិធីប្រគល់​និងទទួលនូវសមិទ្ធផលថ្មី​ ដែលជាជំនួយពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ នៅថ្ងៃសុក្រនេះ។

លោក អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា រាល់សមិទ្ធផល និងជំនួយផ្នែកមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពិតជាបានផ្ដល់ផលប្រយោជន៍ យ៉ាងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមានដូចជា ៖ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យមនុស្សធម៌ ជាដើម ដែលកាយវិការទាំងនេះ គឺបានស្ដែងចេញ នូវការរួមគ្នាធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ស្របទៅតាមបំណង របស់ខាងសមាគម ក៏ដូចជា បំណងរបស់អាជ្ញាធរខេត្ត និងគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ផងដែរ។

យោងតាមរបាយការណ៍របស់​លោក​ សៀ​ សំណាង​ ប្រធាន​សមាគម​ បាន​ឲ្យ​ដឹងថា​ និកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជំនួយ​ដល់វិស័យសុខាភិបាល នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ក្នុងឆ្នាំ២០២២ គឺបានអនុវត្តគម្រោងជួសជុល និងកែលម្អ ព្រមទាំង ផ្តល់ឧបករណ៍វេជ្ជសាស្ត្រ សម្រាប់មន្ទីរពេទ្យបង្អែកព្រៃឈរ ដោយបានចាប់ផ្ដើម កាលពីខែកក្កដា ហើយបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

ចំពោះ​សមិទ្ធិផល ដែលសមាគមសម្រេចបាន នៅមន្ទីរពេទ្យបង្អែកនេះ ជារួមមាន៖ ការពង្រីកបន្ទប់សម្រាកសម្រាប់ស្ត្រីក្រោយសម្រាល កូនរួច និងជួសជុលបន្ទប់ទឹក ជួសជុលបន្ទប់ សម្រាប់ការថតកាំរស្មីអ៊ិច និងបំពាក់ឧបករណ៍កាំរស្មីអ៊ិចថ្មី សង់បន្ទប់ទឹកជនពិការ រៀបចំប្រព័ន្ធអុកស៊ីសែន បន្ថែមធ្នឹម និងសសរទ្រទ្រង់ដំបូលមន្ទីរពេទ្យ ផ្លាស់ប្តូរដំបូលលើ អគារមន្ទីរពេទ្យ ការិយាល័យ ប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ជួសជុលលាបថ្នាំខាងក្នុង និងខាងក្រៅអគារមន្ទីរពេទ្យ និងតម្លើងខ្សែភ្លើង បន្ថែមចំណតរថយន្តទំហំ ៨១៥ម៉ែត្រការ៉េ រៀបចំប្រព័ន្ធបង្ហូរទឹកថ្មី ក្នុងមន្ទីរពេទ្យ ផ្ដល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ដើម្បី ពង្រីកសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការថែទាំអ្នកជំងឺ ដោយគម្រោងទាំងនេះ ត្រូវចំណាយថវិកា សរុប ប្រមាណជា ៤៦ម៉ឺនដុល្លារអាមេរិក៕SRP