អភិបាលខេត្តកំពង់ចាម​ ដោះស្រាយ​សំណួរ និងសំណូមពរ ចំនួន៤០ នៅស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម​ ដោះស្រាយ​សំណួរ និងសំណូមពរ ចំនួន៤០ នៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖សំណួរ និងសំណូមពរ ចំនួន៤០ ត្រូវបាន​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ឆ្លើយតប និងបកស្រាយ ដែលមានដូចជាការស្នេីសុំ​ផ្លូវ​ធ្វើ​ដំណើរ​ ផ្លូវ​ដឹក​ជញ្ជូន​កសិផល​ សុំ​បន្ថែម​អគារ​សាលា​រៀន​​ បន្ថែម​គ្រូបង្រៀន​អនុវិទ្យាល័យ​​ សុំ​ស្តារ​ស្រះទឹក​ ស្តារអូរ​ សុំ​ជួសជុល​ថ្នល់​​ក្បាល​ស្ពាន​ទួលរកា​​ ទប់ស្កាត់​ការ​បេីកបរ​ ល្បឿនលឿន​ និង​សុំ​ដោះស្រាយ​ បញ្ហា​​សេវា​ទូរស័ព្ទ​​ខ្សោយ​ បន្ទាប់​ពី​អ្នកចូលរួមបានលើកឡើង.ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ លើកទី៤ អាណត្តិទី៣ ដែលបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ វត្តសុវណ្ណរតនសោភណមុនី ស្ថិត​ក្នុង​ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់។

លោម អ៊ុន ចាន់ដា បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូន បងប្អូន ប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង។

លោក ខ្លូត ផន បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ពិតជាបាន ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត​ សម្រេចបានក្នុងឆ្នាំ២០២២ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ​ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។​ ពោលគឺ​ ត្រូវឆ្លើយតបនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ៕SRP