ខេត្តព្រះវិហារ៖ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តអំពើពុករលួយ ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះហត្ថលេខា ដោយលោក ហោ គីមឡុង ប្រធានស្ថានីយ ដែល សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះ ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ជ្រាបថា៖ ថ្មីៗនេះមានសារព័ត៌មានមួយក្រុម បានធ្វើការចុះផ្សាយពាក់ព័ន្ធការ បរិហាកេរ្តិ៍ បង្កាច់បង្អួច កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់មន្ត្រីស្ថានីយថ្លឹង យានយន្តយ៉ាងធ្ងន់ធ្ងរ ។
ជាក់ស្តែង មាន សារព័ត៌មាន (PCM Hot News, SDP News, VTV hot news, CSL News, PCN TV ONLINE, អង្គភាពសារព័ត៌មា ន វីរៈសែនជ័យ និងផេក ស្ទឹងមានជ័យ) ព្រមទាំងអង្គភាពសារព័ត៌មាន មួយចំនួនទៀត ដែលបានចុះផ្សាយកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានខ្លឹមសារថា៖ ជញ្ជឹងថ្លឹងរថយន្តអូរពោធិ៍ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កំពុងត្រូវប៉ាន់ក្រោមការចាត់ចែង ពីលោកប្រធានស្ថានីយ និងកំពុងប្រែក្លាយស្ថានីយថ្លឹងយាន យន្ត ទៅជាស្ថានីយថ្លឹងលុយ។
ទាក់ទងនឹងការចុះផ្សាយខាងលើ ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ សូមធ្វើការបដិសេធទាំងស្រុងចំពោះ ការចុះផ្សាយនូវព័ត៌មានមិនពិត និងសូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖
១.រថយន្តដឹកជញ្ជូនទំនិញទាំងអស់ ដែលឆ្លងកាត់ស្ថានីយថ្លឹងយានយន្តអូរពោធិ៍-ខេត្តព្រះវិហារ ត្រូវតម្រូវឲ្យចូលថ្លឹង ដើម្បីត្រួតពិនិត្យទម្ងន់ ក្នុងករណីថ្លឹងរួចរាល់ពិនិត្យឃើញថាផ្ទុកលើសទម្ងន់កម្រិតកំណត់ នោះនឹងត្រូវធ្វើការផាកពិន័យ និងរើទំនិញចេញ ដែលមានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ប៉ុន្តែបើមិនមានផ្ទុកលើសទម្ងន់កម្រិតកំណត់នោះទេ នឹងត្រូវអនុញ្ញាត ឲ្យរថយន្តបន្តដំណើរទៅមុខទៀត ហើយម្ចាស់រថយន្តពុំបានឃុបឃិត សូកប៉ាន់ ពុករលួយ ជាមួយមន្ត្រីស្ថានីយថ្លឹងយានយន្តនោះទេ ហេតុដូចនេះ រាល់ការចុះផ្សាយរបស់សារព័ត៌មាន ខាងលើមិនមែនជាការពិតទេ។
២.ចំពោះករណីដែលឃើញព្រះរថយន្ត ឬអ្នកបើកបររថយន្តរត់ចុះពីរថយន្តនោះ គឺជាសកម្មភាពដែលពួកគាត់ចុះមកពិនិត្យ មើលទម្ងន់ជាក់ស្ដែងរថយន្តគាត់ នៅពេលចូលថ្លឹងនៅក្នុងស្ថានីយតែប៉ុណ្ណោះ។
៣.ស្ថានីយ គឺពុំមានគោលការណ៍ណាមួយ ដែលកំណត់ទារប្រាក់ ពីរថយន្តដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់កម្រិត នៃច្បាប់នោះឡើយ ។
៤.ក្រុមការងារទាំងអស់នៃស្ថានីយជញ្ជីងអចល័តអូរពោធិ៍-ខេត្តព្រះវិហារ អនុវត្តការងារតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្ត ជាធរមាន ក្នុងការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងសូមធ្វើការអំពាវនាវដល់អ្នកសារព័ត៌មាន ដែល បានចុះផ្សាយខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ និងសូមធ្វើការកែតម្រូវព័ត៌មានដែលបានចុះផ្សាយប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលកំពុងតែបំពេញ ភារកិច្ចជូនជាតិមាតុភូមិ។
ករណីនៅតែមានការចុះផ្សាយនូវព័ត៌មានមិនពិត ស្ថានីយថ្លឹងយានយន្ត និងមានវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន។ ក្នុងន័យនេះ សូម សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាប និងជៀងវាងមានការភាន់ច្រឡ៕SRP