ខេត្តសៀមរាប៖ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងចាប់ផ្តើមពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ក្នុងខែធ្នូ ឆ្នាំ២០២២នេះ លោក ព្រហ្ម ម៉ាញ នឹងមក សម្តែងអាយ៉ៃឆ្លើយឆ្លង។
លោក ឡុង កុសល បានឲ្យដឹងថា នៅថ្ងៃបន្តបន្ទាប់ ក៏មាននូវទស្សនីយភាព ជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញ សមិទ្ធផល ការងាររយ:ពេល៣០ឆ្នាំកន្លង មករបស់ អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លង ដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្ត អំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាព ទាំងអស់ នឹងបើកជាសាធារណៈចូលទស្សនា ដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ។
តាមការគ្រោងទុកពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី ផងដែរ។ នេះបើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល។
ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពិធីបួងសួងព្រឹត្តិការណ៍ រំលឹកគុណអង្គរ នៅបរិវេណ មុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។
សូមជម្រាបដែរថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បី រំលឹកគុណអង្គព្រះមហាក្សត្រ គ្រប់ព្រះអង្គ និងបុព្វការីជនដែល លោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅ ក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ជាតិ មាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕SRP