ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបមួយរូបបានបាញ់សម្លាប់ខ្លួនឯង។ ករណីនេះបានកើតឡើង នៅវេលាម៉ោង២៤ និង១៥នាទីយប់ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ចំណុចផ្ទះជនរងគ្រោះ ក្រុមទី៨ ភូមិថ្នល សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប។
មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ធីវី អនឡាញ ថា ៖ជនរងគ្រោះ ឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ នគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានបន្តថា ក្រោយទទួលបានព័ត៌មាននៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងបានសហការណ៍ជា មួយកម្លាំងនៃការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត, កម្លាំងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងកម្លាំងអធិការនគរបាលក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ គឺជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាឡាម៉ែត្រ។
តាមការស្តាប់បំភ្លឺរបស់ឈ្មោះ សេង សំអាន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ បានឲ្យដឹងថា: រូបគាត់ជាឪពុកបង្កើតរបស់ជនរងគ្រោះ។ ជនរងគ្រោះ ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ ប៉ុន្តែតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។ ដោយឡែកនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅវេលាម៉ោង២៤:១៥នាទី រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។
តាមការស្តាប់បំភ្លីសាក្សី បានឲ្យដឹងថា រូបគាត់ជាអ្នករស់នៅជិតខាងនិងជនរគ្រោះ ហើយកន្លងមកជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រចណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។ ជាក់ស្តែងនៅវេលាម៉ោង២៤និង១៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះ បានមកគោៈទ្វាផ្ទះហៅរូបខ្ញុំ ឲ្យជួយប្តីរបស់គាត់ ពេលខ្ញុំមកដល់កន្លៃងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញសពដេកក្នុងផ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះពួកគាត់នាំគ្នាលើកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះ យកជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ លុះដល់ម៉ោង៨និង៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
មន្ត្រីបានបន្តថាចំពោះសាកសពពុំទាន់បានពិនិត្យនៅឡើយទេ ដោយកំពុងដឹងបញ្ជូនពីភ្នំពេញមកសៀមរាបវិញ។ ករណីនេះវត្ថុចាប់យកមាន៖ អាវុធខ្លី ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស (Austria), បង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១។ សន្និដ្ឋាន: ករណីខាងនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ពិតប្រាកដមែន។
បើតាមមន្ត្រីនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា មូលហេតុដោយសារប្រពន្ធ ប្រចណ្ឌប្ដី៕SRP

