ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការនូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានបង្ករការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន៣ គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លើកឡើងយ៉ាងដូច្នេះក្នុងឱកាសលោក បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេងមេគង្គ ប្រមាណជិត២០០០ហិកតា។
អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំទឹកស្រក ចាំវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងត្រូវចាត់ចែង កងកម្លាំង ការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឲ្យបានល្អផងដែរ។
បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៣ រួមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង។ បានបង្កជំនន់ជន់លិចស្រូវពង្រោះរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ១.៩៨៤ហិកតា ក្នុងនោះខូចខាត ១.២០៨ហិកតា ស្មើនឹង ២.៦១៨គ្រួសារ លើ៩២ភូមិ ស្មើនឹង១៧ឃុំ ។ តាមការសង្គេតឃើញថា ស្ថានភាពស្រូវដែលលិចលង់ទាំងអស់អាចនឹងខូចខាត៕SRP

