ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ ថ្នាក់ចរាចរណ៍ ផ្លូវទឹក បង្កដោយកាណូតសំបកស្មាច់បុកគ្នា។
ហេតុការណ៍បានកើតឡើងនៅយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចកែងកគោ (ទឹកទន្លេ) ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អាជ្ញាធរស្រុកសូទ្រនិគមបានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប៉ុស្ដិ៍ tv online ថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះគឺ បង្កដោយកាណូតសំបកស្មាច់ ម៉ាស៊ីនកាវ៉ា បើកបរដោយឈ្មោះសាយ ចំរ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាច្រនៀង ឃុំកំង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នរត់គេចខ្លួន បើកទិសដៅ ពីកើតទៅលិច បានបុក កាណូតសំបកស្មាច់ម៉ាស៊ីនកាវ៉ាដូចគ្នា បើកបរដោយឈ្មោះជិត ភក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិអូតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកក្នុងទិសដៅពិលិច ទៅកើត បញ្ច្រាសទិសគ្នា បណ្ដាលអោយធ្លាក់ទឹក អ្នករួមដំណើរម្នាក់។
អាជ្ញាធរស្រុកសូទ្រនិគម បន្តថាក្រោយកើតហេតុ
រកជនរងគ្រោះពុំឃើញនោះទេ រហូតដល់ម៉ោង០៨និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ទើបរកឃើញ ដោយអូសសាច់មងជាប់ នៅចំណុចជិតកន្លែងកើតហេតុ។
អាជ្ញាធរបញ្ជាក់ថាជនរងគ្រោះ ឈ្មោះរ៉ា លីដា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះកាណូតទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕SRP

