នាយករដ្ឋមន្រ្តីស្ដីទី៖ ប្រភេទល្បែងស៊ីសងតាមភូមិ ឃុំ សង្កាត់ ភារកិច្ចបង្ក្រាបទទួលខុសត្រូវ គឺរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិនឹងតាមដាន

0

ភ្នំពេញ៖អញ្ជើញជាអធិបតី ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃព្រហ្បតិ៍ ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានឆ្លៀតរម្លឹកឡើងវិញនូវសារពិសេស សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយសម្ដេច ស ខេងបានគូសបញ្ជាក់ថា សម្រាប់ប្រភេទល្បែងស៊ីសង តាមភូមិ ឃុំ សង្កាត់ ដែលនាំទៅដល់ការកើតមានអំពើលួច ឆក់ ប្លន់ ហិង្សា បំផ្លាញទ្រព្យសម្បត្តិ និងសុភមង្គលក្រុមគ្រួសារនោះ ភារកិច្ចបង្ក្រាបជាការទទួលខុសត្រូវរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិនឹងតាមដាន។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបន្តថា៖ ចំណែកល្បែងស៊ីសងជាប្រភេទល្បែងអនឡាញខុសច្បាប់ ដែលកំពុងបង្កឱ្យមានអំពើជួញដូរមនុស្ស បង្ខាំងមនុស្ស អំពើទារុណកម្ម និងជួញដូរកម្លាំងពលកម្ម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិនោះ ជាថាភារកិច្ចបង្ក្រាប នឹងទទួលខុសត្រូវដោយថ្នាក់ជាតិ។

សម្ដេច ក៏បានផ្ដល់ទស្សនាទានដល់អង្គពិធីដែលភាគច្រើនថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អំពីសារៈសំខាន់នៃការងារនេះផងដែរ៕SRP