សង្កាត់សាលាកំរើក សម្ពោធផ្លូវបេតុង ១ខ្សែ ប្រវែង៧៥៤ម៉ែត្រ

0

ខេត្តសៀមរាប៖ផ្លូវបេតុង១ខ្សែប្រវែង៧៥៤ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយសង្កាត់សាលាកំរើក ក្រុងសៀមរាប គឺភ្ជាប់ពីខាងត្បូងផ្លូវគោកស្រិត ទៅដល់ផ្លូវបេតុងទៅភ្នំក្រោម (មុខវត្តស្វាយ) ដែលជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក ត្រូវបានសម្ពោធដាក់អោយ ប្រើប្រាស់ផ្លូវការនៅថ្ងៃទី១៩ខែ កញ្ញា ឆ្នាំ២០២២នេះ ។

លោក សាម ឡន ចៅសង្កាត់ សាលាកំរើក បានមានប្រសាសន៍ថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងភូមិវត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវដីលំ ហើយផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ ទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃ ទៅមុខរបរការងាររៀងៗខ្លួនអោយមានភាពងាយស្រួល ក្នុងការដឹកកសិផល របស់ខ្លួនយកទៅលក់នៅទីផ្សារ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័យ ងាយស្រួលផងដែរ។

លោក ចៅសង្កាត់បានបន្តទៀតថា សមិទ្ធផលទាំងនេះ គឺជាគម្រោងផែនការអភិវឌ្ឍន៍ជាក់ស្តែងត្រឹមត្រូវ របស់រដ្ឋបាលសង្កាត់សាលាកំរើក ក្នុងគោលដៅបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋនិង បង្កើនល្បឿននៃការអភិវឌ្ឍ តាមមូលដ្ឋាន និងពង្រឹងប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។

លោក សាម ឡន ក៏បានមអំពាវនាវ ជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផល តាមបណ្តោយដងផ្លូវនេះ សូមជួយថែរក្សាត្រូវចូលរួមថែរក្សាសមិទ្ធផលប្រយោជន៍ សាធារណៈ ទាំងអស់នេះ រក្សាសណ្ដាប់ធ្នាប់បរិស្ថាន និងគ្រប់គ្រងសំរាមអោយបានល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងសៀមរាបយើងឱ្យសាកសមជាទីក្រុងទេសចរណ៍ផងដែរ។

នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង នេះ អង្គការស្រលាញ់ការរីកចម្រើនប្រជាជន រួមជាមួយនិងអាជ្ញាធរសង្កាត់សាលាកំរើក ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ មួយចំនួនមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក និង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទនៃការរៀនរស់ជាមួយកូវីដ១៩ កន្លងមកដែល រស់នៅក្នុងសង្កាត់សាលាកំរើក ចំនួន១៥០គ្រួសារ ដោយក្នុងនោះ មួយគ្រួសារៗ ទទួលបានអង្ករចំនួន២០ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគ ១កញ្ចប់ផងដែរ៕SRP