ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបង ប្តេជ្ញា រៀបចំសណ្ដាប់ធ្នាប់កែលម្អ តំបន់ភ្នំសំពៅ ឲ្យមានឈ្មោះកាន់តែល្បីល្បាញបន្ថែមទៀត។
ដឹកនាំកិច្ចប្រជុំ គណៈកម្មការខេត្ត ជំរុញការរៀបចំសណ្ដាប់ធ្នាប់ តំបន់ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង នៅរសៀល ថ្ងៃសុក្រ ម្សិលមិញ លោកសុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា ភ្នំសំពៅជាតំបន់រមណីយដ្ឋានដ៏សំខាន់ និងមានឈ្មោះល្បីល្បាញរបស់ខេត្តបាត់ដំបង យើងត្រូវតែរួមគ្នា និងធ្វើការប្តេជ្ញា រៀបចំកែលម្អនូវភាពអសកម្មទាំងឡាយ ទើបស្ថានភាពនៃភាពអាណាធិបតេយ្យនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពល្អប្រសើរឡើងវិញ។
លោកសុខ លូ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានសម្រេចចិត្ត ត្រូវតែរៀបចំធ្វើឱ្យបានស្អាត។ លោកក៏បានជំរុញដល់មន្ទីរជំនាញមានមន្ទីរទេសចរខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវរួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានល្អ។
លោក បានបន្តទៀតថា គោលបំណង នៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខ នៅរមណីយដ្ឋានភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសាធារណៈ របៀបរៀបរយក្នុងតំបន់ភ្នំសំពៅ ព្រមទាំងការជំរុញឲ្យរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សរតំបន់ភ្នំសំពៅ ឱ្យមានលក្ខណៈ សមាហរណកម្ម ទៅតាមផែនការរៀបចំទឹកដីខេត្តបាត់ដំបង ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត និងផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត របស់ខេត្តឲ្យមានការរីកចម្រើន ផងដែរ៕SRP

