លោកសុខ លូ គាំទ្រគម្រោងផែនទីទេសចរណ៍ ខេត្ត និងក្រុងបាត់ដំបង 

0

ខេត្តបាត់ដំបង៖អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង នៅថ្ងៃសុក្រ នេះលោក២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង  បានមានប្រសាសន៍គាំទ្រចំពោះគម្រោង ដើម្បីជំរុញក្នុងការផ្សព្វផ្សាយវិស័យ ទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានភាពទូលំទូលាយផង និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តបាត់ដំបង គឺគ្រាន់តែស្កេនQR Code នឹងបង្ហាញផែនទីទេសចរណ៍គោលដៅនានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅ។

លោក សុខ លូ បានបន្តទៀតថា ចំពោះគម្រោងខាងលើនេះ សូមមន្ទីរអង្គភាពជុំវិញ ខេត្តទាំងអស់ធ្វើការសហការ ដើម្បីផ្ដល់ជាព័ត៌មានអំពីខេត្តបាត់ដំបង ឱ្យកាន់តែច្រើន សម្រាប់ដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះ ឱ្យបានកាន់តែច្រើន ពិសេសត្រូវតែរៀបចំជាសិក្ខាសាលា ផ្សព្វផ្សាយដោយមានការអញ្ជើញពីប្រជាពលរដ្ឋ ម្ចាស់រមណីយដ្ឋាន ឬអាជីវករនានានៅក្នុងខេត្តមឱ្យមានការយល់ដឹងពីរបៀបបញ្ជូលព័ត៌មាន និងបញ្ជាក់អំពីទីតាំងអាជីវកម្ម របស់ខ្លួននៅក្នុងផែនទីទេសចរណ៍នេះ ក៏ដូចជាផ្សព្វផ្សាយពន្យល់ដល់អាជីវករ ឱ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃផែនទីទេសចរណ៍នេះផងដែរ។

លោកបានមានប្រសាសន៍ថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារ ដែលបានខិតខំរិះរកបង្កើតឡើងនូវអ្វីដែលថ្មី ក្នុងន័យដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យ ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែទូលំទូលាយ ផ្ដល់ភាពងាយស្រួល ដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងពិសេសបង្ហាញថា ជាស្នាដៃកូនខ្មែរពិតៗ ដែលយើងអាចធ្វើបាន ផងដែរ។

សូមជម្រាបថាផែនទីទេសចរណ៍នេះ មានគោលបំនងដើម្បីជំរុញក្នុងការផ្សព្វផ្សាយ ទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដោយក្នុងនោះត្រូវបានរៀបចំជាផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង មានភ្ជាប់មកនូវQR Code អនុញ្ញាតិឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើការស្កេន ដើម្បីស្វែងរកព័ត៌មានផ្សេងៗដែលភ្ញៀវទេសចរចង់បាន ក្នុងនោះក៏បង្ហាញអំពីរមណីយដ្ឋានដែលមាននៅក្នុងទឹកដីខេត្តបាត់ដំបង អាហារដ្ឋាន ភោជនីយដ្ឋានជាដើម៕SRP