ខេត្តសៀមរាប៖អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា នៅថ្ងៃពុធនេះ បានដឹកនាំក្រុមការងារ រដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការណ៍ ជាមួយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលនៅមានដក់ក្នងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយ កង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។
ករណីនេះអភិបាលក្រុង ក៏បានបញ្ចាក់ថា មូលហេតុ នៃការជន់នេះ គឺដោយស្ថានភាពទឹកភ្លៀងធ្លាក់ មានកំរិតខ្លាំង និងរយៈពេលយូរច្រើនម៉ោង ហើយមិនមានការបើកមុខទឹកភ្លាមៗ ទម្លាក់ចូលទៅកំណាត់ដងស្ទឹងសៀមរាប ប៉ែកខាងក្រោម (ទ្វារទឹក អតីតកសិដ្ឋានចិញ្ចឹមក្រពើ) ក៏ព្រោះតែថ្នាក់ដឹកនាំ ត្រូវតាមដាន មើលស្ថានភាពកំរិតទឹកភ្លៀង បើអាចគ្រប់គ្រងបានគឺបញ្ចៀសអោយបាន ក៏ព្រោះតែមិនចង់អោយមាន ការប៉ះពាល់ដល់ការដ្ឋាន កែលម្អរ និងស្តារកំណាត់ដងស្ទឹងសៀមរាប ជំហាន២ ដែលកំពុងដំណើរការ ដើម្បីរួមចំណែកធ្វើអោយក្រុងសៀមរាប កាន់តែមានសោភណ្ឌភាពល្អស្អាត និងមានវិសាលភាព ធំទូលាយជាងមុន ផ្សារភ្ជាប់ទៅដល់តំបន់ជាយក្រុងសៀមរាប។
តែទីបំផុត ទោះបីមានការប៉ះពាល់ ដល់គម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ត្រូវគិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលមានសារៈសំខាន់ជាងអ្វីៗទាំងអស់។
អភិបាលក្រុងក៏បានធ្វើការ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរៀបចំចាក់ដីបំពេញដើម្បីអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ឬសាងសង់សំណង់ផ្សេងៗ សូមចូលរួមគិតគូរ និងថែរក្សាប្រពន្ធ័រំដោះទឹកភ្លៀងចៀវាងបង្ករជាផលរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដ៏ទៃទៀតផងដែរ៕SRP

