ទឹកមេគង្គខេត្តកំពង់ចាម​ ស្រកចុះ​វិញ តែ ព្រែក​ចំនួន​២២​ ត្រូវ​បានទឹកលូនចូល​ជាបន្តបន្ទាប់​

0

ខេត្តកំពង់ចាម​៖ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម​ ស្ស្រកចុវិញ ខណៈ​ព្រែក​ចំនួន​២២​ លេី៣៩ព្រែក​ ត្រូវ​បានទឹកលូនចូល​ជាបន្តបន្ទាប់។

ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៥​ ខែសីហាឆ្នាំ២០២២ បានស្រកចុះមកនៅកម្ពស់​ ១១.៥៤ម៉ែត្រ​ បេីធៀបនឹងថ្ងៃម្សិលមិញ គឺទឹកស្រកចុះ​ ០.៤២ម៉ែត្រ ពោលគឺ​ទឹកនៅតែខ្ពស់ជាងឆ្នាំមុន​ដែល​មាន​កម្ពស់​ត្រឹមតែ​ ៧.៣៦ម៉ែត្រ​ប៉ុណ្ណោះ​។ ចំណែកផ្ទៃមេឃមានសភាពរលឹមជាបន្តបន្ទាប់នេះបើយោងតាមរបាយកាណ៍​របស់​លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម។

លោក​ ​ប្រធាន​មន្ទីរ​ធនធានទឹក​បាន​បញ្ជាក់​​ថា​ កម្ពស់​ទឹកទន្លេមេគង្គ​ ត្រឹម​រយៈពេល​ ២៤ម៉ោង​ ស្រកចុះ​ ០.៤២ម៉ែត្រ​ ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​ត្រឹម​ ១១.៥៤​ម៉ែត្រ​ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ការ​ប្រុងប្រយ័ត្ន​ ១៥.២០ម៉ែត្រ​ ប៉ុន្តែ​ទឹក​នៅតែហូរ​ចូលកន្លែងទំនាប និងព្រែកចំនួន២២ លើ​ ៣៩​ព្រែក​ ដែល​ក្នុង​នោះ​ទឹក​បានលូនចូល ស្ថិតនៅ​ក្នុងស្រុកស្ទឹងត្រង់ចំនួន៥​ ស្រុកកំពង់សៀម៣ ស្រីសន្ធរ២ កោះសូទិន៥ និងក្នុងស្រុកកងមាស​ ចំនួន​៧ព្រែក​។

ទន្ទឹមនេះដែររដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អជ្ញាធរពាក់ព័ន្ធ ចូលរួមសហការក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅពេល មានគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ផងដែរ​៕SRP