ខេត្តសៀមរាប៖«សម្រាប់ខ្ញុំផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី គឺជាថ្នាក់ដឹកនាំវ័យក្មេង គម្រូ ដែលមានចក្ខុវិស័យ ឆន្ទៈក្នុងការដឹកនាំ និងមានសមត្ថភាពខ្ពស់ ហើយលើសពីនោះថែមទៀត ឯកឧត្តមពិតជាបានគិតគូរពីអនាគតយុវជនជំនាន់ក្រោយ និងប្រទេសជាតិទាំងមូល» ។ នេះជាការលើកឡើងរបស់ កញ្ញា យង់ វារី ជាសិស្សដែលទើបបញ្ចប់ការសិក្សាពីវិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប។
ទន្ទឹមនឹងការលើកឡើងខាងលើ កញ្ញា យង់ វារី ក៏បានបង្ហាញពីក្តីរំភើប និងមោទនភាព ដែលបានចូលរួមដោយផ្ទាល់ និងជួបឯកឧត្តម ហ៊ុន ម៉ានី ក្នុងកម្មវិធីកិច្ចពិភាក្សាសៀវភៅ៖ ក្តីសង្ឃឹម ហ៊ុន ម៉ានី។ កញ្ញាបានរៀបរាប់បន្ថែមថា៖ «ខ្ញុំបានតាមដានសកម្មភាពរបស់ ឯកឧត្តមចាប់តាំងពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងរយៈពេល៦ឆ្នាំ ហើយឯកឧត្តមបាននាំយកនូវផលប្រយោជន៍ជូនប្រជាជន តាមរយៈការផ្ដល់ភាពជឿជាក់ ឱកាស និងការជ្រោមជ្រែងលើការងារស្ម័គ្រចិត្ត ព្រមទាំងការផ្តួចផ្តើមផ្តល់ជាវេទិកាសម្រាប់យុវជន ដើម្បីឱ្យពួកយើងមានក្ដីស្រម៉ៃខ្ពស់ និងការតាំងចិត្តខ្ពស់សម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន»៕SRP

