អាជ្ញាធរខេត្តកំពង់ចាម ស្នើឲ្យរួមគ្នាលុបបំបាត់ អំពេីហិង្សាលើកុមារ

0

ខេត្តកំពង់ចាម​៖លោកខ្លូត​ ចិន្ដា​ អភិបាល​រងខេត្តកំពង់ចាម​ បាន​ស្នើដល់​មន្រ្តី​អប់រំ​ទាំងអស់​ ឲ្យារួមគ្នាពិភាក្សា រិះរក និងកំណត់អំពីតួនាទីរបស់អ្នកពាក់ព័ន្ធ ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ស្រុក ឃុំ កម្រង សាលារៀន និងគណៈគ្រប់គ្រងសាលារៀន និងបង្កើតយន្តការនានា ឬពង្រឹងយន្តការ ដែលមានស្រាប់នៅថ្នាក់ ឃុំ និងសាលារៀន ដើម្បីអនុវត្តឲ្យមានភាព ស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នា ក្នុងការទប់ស្កាត់ លុបបំបាត់ ករណីហិង្សាលើកុមារឲ្យបានទាន់ពេលវេលា។​

ក្នុង​កិច្ច​ប្រជុំ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​ នៅ​ក្នុង​សាលារៀន​ នៅ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ ក្នុងថ្ងៃពុធនេះ អភិបាល​រងខេត្ត​ បានលេីកឡេីងថា​​៖ បញ្ហាអំពើហិង្សាក្នុង គ្រួសារ ក្នុងសង្គម ការរំលោភបំពាន និងកេងប្រវ័ញ្ចនានា គ្រប់ទម្រង់ និងគ្រប់រូបភាព នៅតែជាបញ្ហាចោទ ជាពិសេសនៅតាមសហគមន៍។​ ចំពោះអំពើហិង្សាលើកុមារក្នុងសហគមន៍ ក៏ដូចកុមារនៅតាមសាលារៀន នៅតែកើត មានជាហូរហែ ទោះមានករណីច្រើនក្តី តិចក្តី នៅតាមតំបន់ខុសៗគ្នា។ ករណីនេះ ធ្វើឲ្យប៉ះពាល់ដោយ ផ្ទាល់ដល់ សុខភាព ការអភិវឌ្ឍរាងកាយ បញ្ញា ស្មារតី និងការអប់រំរបស់កុមារក្នុងបច្ចុប្បន្ន និងប៉ះពាល់ ដល់ការអភិវឌ្ឍប្រកបដោយសក្តានុពល របស់កុមារនៅពេលពេញវ័យនាថ្ងៃអនាគត។

បើតម លោកជំទាវ​ អន​ ហេង​លក្ខិណា​​ ក៏បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះវត្តមានគម្រោង “លុបបំបាត់អំពើហិង្សា លើកុមារនៅក្នុងសាលារៀន” ក្នុងខេត្តកំពង់ចាម ដែលឧបត្ថមថវិកា ដោយក្រសួងការបរទេសជប៉ុន និងអនុវត្តដោយអង្គការសង្គ្រោះកុមារ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានអនុវត្តនៅសាលាបឋមសិក្សាគោលដៅទាំង៤៣ ស្ថិតក្នុងកម្រងទាំង៨ នៃស្រុកកងមាស ខេត្តកំពង់ចាម​ គឺពិតជាបានរួមចំណែកដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ទីរអប់រំ ការិយាល័យអប់រំ និងភាគីពាក់ព័ន្ធនានា នៅថ្នាក់ក្រោមជាតិ ដើម្បីសម្រេចឲ្យបាននូវការលើកកម្ពស់ ការគោរពសិទ្ធិកុមារ និងឈានសម្រេចឲ្យកុមារ ទទួលបានការអភិវឌ្ឍប្រកបដោយសក្តានុពល នៅពេលពេញវ័យ៕SRP