កម្មករម្នាក់ ទៅដកទូរស័ព្ទកំពុងសាកថ្ម ត្រូវបានឆក់ស្លា..ប់ ក្នុងការ៉ាស់សាំងមួយកន្លែងនៅក្រុងសៀមរាប

0

ខេត្តសៀមរាប៖កម្មករម្នាក់បានទៅដកទូរស័ព្ទដែលកំពុងសាកថ្ម ត្រូវបានឆក់ស្លា..ប់ ក្នុងការ៉ាស់សាំងមួយកន្លែង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧:១៥ នាទីថ្ងៃទី០៧ខែ សីហាឆ្នាំ២០២២ស្ថិតនៅភូមិ ទក្សិណត្បូង សង្កាត់គោកចក​​ ក្រុងសៀមរាប ក្នុងការដ្ឋានស្ថានីយសក់សាំងមួយកន្លែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះណេប់ ភាណិត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ គោកឫស្សី ឃុំកែវពណ៌ ស្រុកពួក។

សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ព្រះ ស្រី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ហ៊ុន ហ៊ាប ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មេការសំណង់ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា វេលាម៉ោង១៦ និង០០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ខ្លួននិងកម្មករផ្សេងទៀតបានកំពុងធ្វើការងារ ភា្លមនោះមេឃចាប់ផ្តើមធ្លាក់ភ្លៀង ក៏នាំគ្នាសម្រាក នៅក្នុងការរដ្ឋាន ក៏ស្រាប់តែមានកម្មករម្នាក់ឈ្មោះ ណេប់ ភាណិត (សព) បានយកទូរស័ព្ទរបស់គាត់ ទៅសាកថ្ម នៅចំណុចជាប់និងជញ្ជាំងរបងផ្ទះ ក្នុងការដ្ឋាន ដោយដោតសាកថ្មទុកចោលនៅទីនោះរួចគាត់ទៅធ្វើការងារ របស់គាត់វិញ។ មួយសន្ទុះគាត់បានដើរទៅយកទូរស័ព្ទគាត់ នៅកន្លែងសាកថ្មខាងលើ ដោយខ្លួនរបស់គាត់សើម និងពុំមានពាក់ស្បែកជើង ពេលដែលគាត់បានចាប់យកទូរស័ព្ទរបស់គាត់ ក៏ស្រាប់តែ ឆក់ជាប់តែម្ដង។ ភ្លាមៗ នោះមេជាង ឈ្មោះ ហ៊ុន ហ៊ាប បានរត់ទៅទាញបិទកុងតាក់អគ្គិសនី ហើយនាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គោះនៅមន្ទីរពេទ្យមួយកន្លែងតាមបណ្តោយផ្លូវ៣០ម៉ែត្រ តែត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ករណីនេះក្រុមគ្រួសារ ក៏បានទទួលស្គាល់ថាសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងដោយខ្លួនឯងពិតប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព គឺស្លាប់ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP