អភិបាលខេត្តកំពង់ចាម រំលឹកដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាអនាម័យ សំអាតលំនៅដ្ឋាន

0

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ សំអាតលំនៅដ្ឋាន ដុតកំទេចចោលវត្ថុដក់ទឹកនានា ដើម្បីបំផ្លាញជម្រកមូសខ្លា។ ក្នុងនោះត្រូវសម្រាន្តក្នុងមុង ដើម្បីការពារជម្ងឺគ្រុនឈាមនិងឈ្វេងយល់ អំពីរោគសញ្ញានិងការពារការឆ្លងជម្ងឺអុតស្វា ដែលពិភពលោកកំពុងចាប់អារម្មណ៍។ លោក អ៊ុន ចាន់ដា បន្តថា បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាននិងដូសជំរុញ អោយបានគ្រប់គ្នា។

លោកអ៊ុន ចាន់ដា មានប្រសាសន៍រំលឹកបែបនេះក្នុងឳកាសអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១១ ជូនជនចាស់ជរាទ័លលំបាក១គ្រួសារ  ឈ្មោះ ខៀវ ខេត អាយុ ៧២ឆ្នាំ រស់នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ព្រឹកមិញនេះ។

គួរបញ្ជាក់ថាលោកតាខៀវ ខេត និងប្រពន្ធឈ្មោះ រិទ្ធ ហុន អាយុ៧០ឆ្នាំ  ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ: ប័ណ្ណសមធម៌ ក្រ២។ ពួកគាត់ មានកូនប្រុសស្រី៣នាក់ បានរៀបការបែកគ្រួសារ ខណ:ពួកគេ ក៏មានជីវភាពលំបាកដូចគ្នាមិនអាចពឹងពាក់បាន។  ដោយស្ថានភាពលំបាកបែបនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ១០លានរៀល ព្រមទាំងផ្តល់សម្ភារសម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីនេះចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាសព្រមទាំង ថវិកាចំនួន២ម៉ឺនរៀលផងដែរ៕SRP