លោកយឹម ឆៃលី​ ណែនាំឲ្យមន្ត្រី ផ្តល់សេវាសាធារណៈ ឆាប់រហ័សជូនប្រជាពលរដ្ឋ​

0

ខេត្តកំពង់ចាម​៖លោកយឹម ឆៃលី​ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម​ បានណែនាំដល់មន្ត្រី
សមាជិក សមាជិការ គណបក្សស្រុកស្ទឹងត្រង់​ ​ត្រូវ​ខិតខំលើកកម្ពស់ អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ​។

លោកថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាត គណកម្មាធិកាកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥​ នៃស្រុកស្ទឹងត្រង់​ នៅថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ​២០២២​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម​ និង​លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ ព្រមទាំង​​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​បក្ស​ ជា​ច្រើន​រូប​ទៀត​។

ក្នុង​កិច្ចប្រជុំ​ លោក យឹម ឆៃលី​ បានផ្តល់នូវអនុសាសន៏ណែនាំ ដល់សមាជិកសមាជិការគណបក្សស្រុកស្ទឹងត្រង់​ សម្រាប់ត្រៀមយកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ បន្តទៀត​ ពោលគឺត្រូវការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងទប់ស្កាត់ រាល់ការប៉ុនប៉ង បង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការរស់នៅដ៏សុខសាន្ត របស់ប្រជា​ពលរដ្ឋ​ ។

លោកឧបនាយករដ្ឋមន្ត្រី​ បានណែនាំ​ឲ្យ​បន្តជំរុញ និង​ពង្រឹង​ការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច​ និង​អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”​ ព្រមទាំងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឲ្យបានល្អ​ និងជំរុញការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឃុំ ឲ្យទទួលបានសមិទ្ធផលថ្មីៗទៀត​។

លោកយឹម ឆៃលី​ ក៏បាន​ណែនាំ​ឲ្យ​​ពង្រឹងការអនុវត្ត​ឲ្យបានល្អ​​នូវ​តួនាទី ភារកិច្ច និងរបៀបរបបធ្វើការ របស់ក្រុមប្រឹក្សាឃុំ ព្រមទាំង​បន្តពង្រឹងការរៀបចំកម្លាំង​ ដោយឈរលើ​ទស្សនៈរក្សាចាស់ កសាងថ្មី​ និងពង្រឹងការងារចលនាមហាជន ជាពិសេសចលនាស្រ្តី និងកម្មករ​។

លោកហ៊ុន​ ម៉ានិត​ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សា​ឃុំ​ ដែល​បាន​ជាប់​ឆ្នោត​អាណត្តិ​ទី​៥ ទាំង​អស់​ ព្រមទាំង​​ជម្រុញ​ ឲ្យ​បន្ត​ការ​កសាង​នូវ​អំពើ​ល្អ​ និង​គៀងគរ​ដល់​សមាជិក​ថ្មី​ ដេីម្បី​បោះឆ្នោត​ជូន​ គណបក្សប្រជាជន​កម្ពុជា​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ប្រកាស​សេចក្ដីសម្រេចទទួលស្គាល់​ លោក ហ៊ុន ម៉ានិត អនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋាន ខេត្តកំពង់ចាម​ ជាប្រធានក្រុមការងារ គណបក្សស្រុកស្ទឹងត្រង់​ ផងដែរ​៕SRP