ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែកក្នុងខេត្តកំពង់ចាម។
មាមានប្រសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូសមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការកែលំអមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។
គួររំលឹកថា កន្លងមកនេះថ្នាក់ដឹកនាំសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយឧបត្ថម្ភ ជាសម្ភារៈបរិក្ខារពេទ្យ ដេីម្បីជួយសង្គ្រោះ ដល់អាយុជីវិតប្រជាពលរដ្ឋយើង ព្រមទាំងបានជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់មន្ត្រីសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយចំនួន ក្នុងនោះក៏មានការជួយដល់មន្ទីរពេទ្យបង្អែកស្រុកជេីងព្រៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២២ម៉ឺនដុល្លារ ដោយបានធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥ម៉ឺនដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាជាង៦ម៉ឺនដុល្លារ។
ចំពោះមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់ប្រមាណជាង ២៦ម៉ឺនដុល្លារ ក្នុងនោះកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥ម៉ឺនដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាជាង ១០ម៉ឺនដុល្លារ។ ចំណែកមន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់ប្រមាណជាង៧ម៉ឺនដុល្លារ ក្នុងនោះកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាជាង៤ម៉ឺនដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ) និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ១មុខ ស្មើនឹង ១ គ្រឿង គិតជាថវិកាចំនួន ៣ម៉ឺនដុល្លារ៕SRP

