ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋ ចំនួន៧៥២គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដីប្រមាណ៥៤២ហិចតា ដោយទឹកជំនន់ក្នុងឆាំ្ន២០២២នេះ ត្រូវបាន សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ស្រូវពូជជាង៥៦តោន ដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករ ធ្វើស្រែចំការស្តារជីវភាពឡើងវិញ។
ការផ្ដល់នេះធ្វើឡើងក្នុងបរិវេណវត្តព្រៃនគរក្រៅ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោយវត្តមាន លោក វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា ដោយក្នុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមក រួមផ្សំ ទឹកហូរពីផ្នែកខាងលើផង បានបណ្ដាលឲ្យស្រូវពង្រោះ របស់ប្រជាកសិករមួយចំនួនដែលទើបធ្វើការ ដាំដុះ បានរងនូវការជន់លិចខូចខាត ទាំងស្រុងជាច្រើនលើកច្រើនសារ រួមជាមួយផលប៉ះពាល់នៃវិបត្តិ ជំងឺកូវីដ-១៩ បណ្តាលឱ្យប្រជាកសិករ មានការខ្វះខាតពូជស្រូវយ៉ាងខ្លាំង សម្រាប់បង្កបង្កើនផលនៅ ពេលទឹកបានស្រុកទៅវិញ ។
ជាការឆ្លើយតបភ្លាមៗ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យរដ្ឋបាលស្រុកពញាក្រែក សហការ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ឃើញថាក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះ ចំនួន ៧៥២ គ្រួសារ លើផ្ទៃសរុប ៥៤២.៥៨ ហិកតា ត្រូវការគ្រាប់ពូជសរុបចំនួន ៥៦,៥៥០ គីឡូ ក្រាម ដើម្បីរាយការណ៍ និងស្នើសុំទៅគណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា ហើយក៏ទទួល បាននូវគាំទ្រ និងនាំយកគ្រាប់ស្រូវពូជមកចែកជូនបងប្អូនប្រជាកសិករដោយឥតគិតថ្លៃនាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី៕SRP

