លោក អ៊ុន​ ចាន់ដា​ ប្រាប់មន្ត្រីឲ្យពង្រឹង​ការ​គ្រប់គ្រង​ និងប្រមូលពន្ធ​ ឲ្យ​មាន​ប្រសិទ្ធិភាព​

0

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ ដោយធ្វេីយ៉ាងណា​ត្រូវ​ពង្រឹង​ ការ​គ្រប់គ្រង​ និង​ប្រមូល​ចំណូល​ពន្ធ​ ឲ្យ​មាន​ប្រសិទ្ធិភាព​ ជៀសវាង​ការ​បាត់បង់​ប្រាក់​ចំណូល​ របស់​ជាតិ​ ក៏ដូចជា​ថវិកា​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ ក្នុង​ខេត្តកំពង់ចាម​ផងដែរ​។

លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏ប្រាប់មន្ត្រី ពាក់ព័ន្ធ​ទាំងអស់​ ឲ្យ​ជម្រុញ​ដល់​ក្រុមហ៊ុន​ សហគ្រាស​​ ដែល​ប្រកប​អាជីវកម្ម​នានា​ ត្រូវ​បំពេញបែបបទ​ស្នើសុំ​ប័ណ្ណ​ប៉ាតង់​ ដើម្បីគ្រប់គ្រង​ និងប្រមូលចំណូលពន្ធ ឲ្យមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃ សេដ្ឋកិច្ច របស់ ព្រះរាជាណាចក្រកម្ពុជា។​

លោកណែនាំបែប​នេះ​ក្នុងកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់គ្រប់គ្រងការចំណាយឆ្នាំ២០២៣ នៅថ្ងៃទី​២​ ខែសីហា​ ឆ្នាំ​២០២២​។

ក្នុង​កិច្ចប្រជុំ​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ដែលបានចូលរួមចំណែកបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផល ការងារគ្រប់គ្រង ប្រមូលចំណូលពន្ធ យ៉ាងល្អប្រសើរ នាពេល​កន្លង​មក​។

គួរ​បញ្ជាក់​ថា​ គម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ ២០២៣ របស់សាលាខេត្តកំពង់ចាម​ មាន​ដូចជា​ ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ​ ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រសាទ​ ការថែទាំ ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងប្រព័ន្ធលូ​ ថែទាំ ជួសជុលផ្លូវសំបុកមាន់ និងស្លាកសញ្ញាចរាចរក្នុងក្រុងកំពង់ចាម​ និង​ការថែទាំប្រព័ន្ធធារាសាស្ត្រ​ សរុប ១៨ គម្រោង​ ដែល​សរុប​ថវិកា​ប្រមាណ​ជា​ 19.386.900.000​ រៀល​៕​SRP