ខេត្តត្បូងឃ្មុំ៖លោកពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រារព្ធទិវាមច្ឆាជាតិនេះ មានគោលបំណងបំផុសប្រជាពលរដ្ឋ ឲ្យចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផល ដើម្បីផលប្រយោជន៍ សេដ្ឋកិច្ចសង្គមជាតិ។
លោកថ្លែងបែបនេះក្នុងឱកាសនាំយកកូនត្រីចម្រុះប្រមាណ១ ៧០០០ក្បាល ប្រលែងនៅស្ទឹងបន្ទាយឆាក ឃុំដំរិល ស្រុកអូររាំងឪ ដែលជាកន្លែងប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន នៅថ្ងៃចន្ទម្សិលមិញ។
លោកពាង ណារិទ្ធ បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការ កាត់រំសាយចោល នូវឡូត៍នេសាទ ទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទ ជាលក្ខណៈគ្រួសារ ក្នុងគោលបំណង ដើម្បីលើកស្ទួយជីវភាព រស់នៅ និងផ្គត់ផ្គង់ស្បៀង ដល់ប្រជាពលរដ្ឋ មូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។
លោក ពាង ណារិទ្ធ បានបញ្ជក់ថា ជាក់ស្តែងទិវាមច្ឆាជាតិនាថ្ងៃនេះ បានប្រលែងកូនត្រីចម្រុះប្រមាណ ១ ៧០០០ក្បាល និងមេត្រីពូជមួយចំនួនទៀតដូចជា កូនត្រីក្រាញ់ ត្រីកន្ធរ ត្រីប្រា ត្រីរាជ ត្រីគល់រាំង ត្រីឆ្ពិន ត្រីអណ្តែង ត្រីកាហែ ត្រីក្រាញ់ ដើម្បីធ្វើឲ្យអាងទឹកនេះសម្បូរណ៍ទៅដោយត្រី សម្រាប់បម្រើសេចក្តីត្រូវការ ហូបចុករបស់ ប្រជាពលរដ្ឋ ក្នុងតំបន់នេះផងដែរ។
បើតាមលោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ខេត្តត្បូងឃ្មុំ ថោយទទួលបានការអនុញ្ញាតពី លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្ត រៀបចំទិវាមច្ឆជាតិ ឆ្នាំ២០២២ នៅក្នុងស្ទឹងបន្ទាយឆាក ស្រុកអូររាំងឪ។ ដែលបានប្រលែងកូនពូជត្រីក្នុងស្រុក សរុបចំនួន១៧.១១២ក្បាល រួមមាន៖ ត្រីប្រា(ធំ) ចំនួន ៥០គីឡូក្រាម ស្មើនិង១០០ក្បាល ត្រីរាជចំនួន ២ក្បាល ត្រីគល់រាំងចំនួន ១០ក្បាល ត្រីឆ្ពិនចំនួន ៧ ០០០ក្បាល ត្រីកាហែចំនួន ៥ ០០០ក្បាល និងត្រីក្រាញ់ចំនួន ៥ ០០០ក្បាល ចូលក្នុងស្ទឹងបន្ទាយឆាក ហៅស្ទឹងយ៉ាង ដើម្បីបង្កើនផលស្តុក នៅក្នុងធម្មជាតិ ឲ្យកាន់តែសម្បូរណ៍ឡើងថែមទៀត និង ក្លាយជាសហគមន៍ ស្រះជម្រកត្រី ក្នុងមូលដ្ឋានក្នុងស្រុកអូរាំងឪ នេះផងដែរ៕SRP

