អង្គភាពប្រឆាំងពើពុករលួយ ឃាត់ខ្លួនមន្ត្រីសុខាភិបាលខេត្តក្រចេះចំនួន២នាក់ ក្រោយរកឃើញលុយពុករលួយជាង៨៥ម៉ឺនដុល្លារ ពាក់ព័ន្ធការចូលក្របខណ្ឌសុខាភិបាល

0

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានឃាត់ខ្លួនមន្ត្រីសុខាភិបាលខេត្តក្រចេះចំនួន២នាក់ ក្រោយរកឃើញលុយពុករលួយជាង៨៥ម៉ឺនដុល្លាេ ពាក់ព័ន្ធការចូលក្របខណ្ឌសុខាភិបាល។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពACU  បានរកឃើញជនល្មើសចំនួន២នាក់ បានទារប្រាក់ពីបេក្ខជនដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ក្របខណ្ឌសុខាភិបាលនៅខេត្តក្រចេះ ដែលជនល្មើសទី១ មានឈ្មោះ ទី ប៊ុនឡេង អតីតជាប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ និងទី២មានឈ្មោះ ជាង សុខអេង ជាអតីតអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ តាមច្បាប់។ ជនជាប់ចោទទាំង២នាក់ បានប្រមូលប្រាក់ពីជនរងគ្រោះចំនួន១២៩នាក់ សរុប៨៥ម៉ឺន​៤ពាន់៦៤​ដុល្លារអាមេរិក និង ៧លាន៧៣ម៉ឺន៩០០រៀល។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បញ្ជាក់ដូច្នោះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកស្រី ម៉ែន សំអន កាលពីរសៀលថ្ងៃទី២៩ កក្កដា ម្សិលមិញ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាព ACU  បានបន្តថា កាលពីថ្ងៃទី១៦ដល់ទី១៨ខែសីហា ឆ្នាំ២០២១ អង្គភាពACU  រកឃើញប្រាក់ដុល្លារ ៥៦ម៉ឺនដុល្លារ និងប្រាក់រៀល៣៨ម៉ឺន៤ពាន់រៀល។ បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទ​កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២១ បញ្ជូនទៅតុលាការ រកឃើញប្រាក់៥៧ម៉ឺន ៤ពាន់៨៦៤ដុល្លារ និងប្រាក់រៀល។ ពីថ្ងៃទី១៩សីហាដល់១៨កញ្ញា ២០២១អង្គភាព ACU បានប្រគល់ប្រាក់ដល់ជនរងគ្រោះចំនួន៧១នាក់ សរុបទឹកប្រាក់ចំនួន៤៩ម៉ឺន៦ពាន់៧០០ដុល្លារ ហើយចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ ១៩ខែតុលា២០២១ បានរកឃើញប្រាក់ចំនួន៧៧ម៉ឺន១ពាន់៨៦៤ដុល្លារទៀត។

លោកឱម យ៉ិនទៀង បញ្ជាក់ទៀតថា ចុងក្រោយACU  បានរុករកពីថ្ងៃទី០៥ខែមីនា ដល់១២ ឧសភាឆ្នាំ២០២២ រកឃើញប្រាក់ចំនួន ៨៥ម៉ឺន៤ពាន់៦៤ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៧លាន៧៣ម៉ឺន៩០០រៀល ហើយកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ នេះ ប្រគល់ប្រាក់សំណងដល់បេក្ខជនរងគ្រោះចំនួន៤១នាក់ទៀត សរុប២៧ម៉ឺន៤ពាន់២០០ដុល្លារអាមេរិក៕SRP