ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋទាំងអស់កាន់តែមានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។
ការអះអាងបែបនេះក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខា សាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នារសៀលថ្ងៃសុក្រ ម្សិលមិញនៅមន្ទីរផែនការខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំ លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្ត បានអភិវឌ្ឍន៍ ទាំងផ្នែករូបវន្ត និងអរូបវន្តជាពិសេស ការកែលម្អ សោភ័ណភាពទីក្រុង និងការលើកកម្ពស់ គុណភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។
អភិបាលខេត្ត បានបញ្ជាក់ថា សំណើគម្រោងកម្មវិធីវិនិយោគ របស់រដ្ឋបាលខេត្ត មានចំនួន ៥៥១ គម្រោង សំណើគម្រោងវិនិយោគក្រុង ស្រុកមាន ចំនួន ៧៤៦ គម្រោង និងសំណើគម្រោង វិនិយោគឃុំ សង្កាត់មានចំនួន ៤,៤៣៨ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែង រកថវិកា គាំទ្រសម្រាប់អនុវត្តឆ្នាំ២០២៣។ ដូចច្នេះ ទាមទារឲ្យមានការចូលរួមគាំទ្រពីមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា សហការរួមគ្នាដោះស្រាយបញ្ហាដែលកើតមាននៅមូលដ្ឋានផងដែរ។
លោក អ៊ុន ចាន់ដា ក៏បានស្នេីដល់មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិ តាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃគូរនានា បន្តផ្តល់ការគាំទ្រ ដល់ គម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ បន្ថែមទៀត៕ដោយ លឹម ប៉ៃលិន

