ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣នេះ គឺធ្វើឡើងដល់ប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្ដែង អាស្រ័យផលយូរឆ្នាំតាមគោលការណ៍កំណត់ របស់រាជរដ្ឋាភិបាលកន្លងមក មិនរាប់អ្នកទើបតែកាន់កាប់ត្រឹមតែ២ឬ៣ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នេះគឺមិនថាប្រជាពលរដ្ឋ ឬមន្រ្ដីរាជការ ឬកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ក៏អាចកាត់ឆ្វៀលជូនគាត់បានផងដែរ ក៏ប៉ុន្តែបើសិនជាមានអ្នកមានអំណាចណាដែលទើបតែកាន់កាប់បានមួយរយៈពេលខ្លី ហើយទាមទារចង់បានដីតំបន់២ ឬតំបន់៣ជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចដាច់ខាត ហើយបើសិនជាមានការតវ៉ា ឬប្រើប្រាស់អំណាចរបស់ខ្លួន គំរាមកំហែង ជេរប្រមាថមកមន្រ្ដីសាធារណៈដែលជាអ្នកអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខនឹងនីតិវិធីនៃច្បាប់។
លោកក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ អាជ្ញាធរ ត្រូវពន្លឿនធ្វើកិច្ចការនេះឱ្យបានឆាប់រហ័ស ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីទុកឱកាសដល់ ប្រជាពលរដ្ឋ បានធ្វើការដាំដុះដំណាំកសិកម្ម បានទាន់ពេលវេលា ដោយត្រូវប្រកាន់ជំហរច្បាស់លាស់ មានឯកសារត្រឹមត្រូវ និងប្រកបដោយសុក្រឹតភាព ក្នុងន័យដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋផង និងដើម្បីផលប្រយោជន៍របស់រដ្ឋផងដែរ។
លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ កាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធនេះ៕SRP

