ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងការគាំទ្រចំពោះ សមាគមរាជសីហ៍ សម្រាប់សកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ ទៅដល់ជនងាយរងគ្រោះ នៅខេត្តកំពង់ចាម។
លោកថ្លែងបែបនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំសមាគមរាជសីហ៍ នៅថ្ងៃចន្ទនេះ។
ក្នុងជំនួបជួបពិភាក្សា លោក ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានលើកឡើងអំពីចក្ខុវិស័យរបស់ សមាគម សំដៅផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះ មានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ នៅតាមសហគមនមូលដ្ឋាន ព្រមទាំងផ្តល់ស្ថានបត្យកម្មព្រលឹងដល់យុវជន នៅក្នុងការ អភិវឌ្ឍសង្គមទៀតផង។
លោក ស៊ូម សារឿន បានបន្តថា បេសកម្ម របស់យើងគឺ ការប្រមូលមូនិធិ ដែលជាជំនួយមនុស្សធម៌ របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់ មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម និងសប្បុរសធម) ព្រមទាំងកែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គម តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ ដោយមិនគិតពីវប្បធម សាសនា និន្នាការនយោបាយ និនិងស្ថានភាពរបស់បុគ្គល ក្នុងសង្គមនោះឡើយ។
ឱកាសនោះផងដែរ លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណចំពោះ សមាគមរាជសីហ៍ ដែលបានឧបត្ថម្ភ អង្ករ ចំនួន២តោន មី ១០០កេស ត្រីខ ១០០យួរ និងទឹកបរិសុទ្ធ ១០០កេស ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រេីប្រាស់ក្នុងសកម្មភាពមនុស្សធម៌៕SRP

