លោក​ អ៊ុន​ ចាន់ដា​ ប្រាប់មន្ត្រី ឲ្យ​សាងសង់​ បង្គន់អនាម័យ​ នៅតំបន់កម្សាន្តមាត់ទន្លេ

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបា្រប់មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​សាងសង់​​ បង្គន់​អនាម័យ​សាធារណ: ចំនួន​២​បន្ថែមទៀតចៀសវាង​ ការ​បន្ទោរបង់​មិន​ត្រឹមត្រូវ​ ខណៈ​នៅ​តំបន់​កម្សាន្ត​តាម​បណ្ដោយ​ មាត់​ទន្លេ​​ក្នុង​ក្រុងកំពង់ចាម​ មាន​បន្ទប់​ទឹក ​ចំនួន​៤រួច​មក​ហើយ​។

ការ​ស្នើ​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​មេគង្គ​ក្នុង​ក្រុងកំពង់ចាម​ នៅថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ។ 

បេី​តាម​ប្លង់​ទិដ្ឋភាព​របស់​ដៃគូ​អភិវឌ្ឍន៍​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​ ក្នុង​ក្រុងកំពង់ចាម​នេះ​ គឺ​មាន​ទីតាំង​ចាប់ពី​ចំណុច​កំពង់​សាឡាង​ចាស់​ រហូត​ដល់​ចំណុច​ជិត​វត្ត​ដីដុះ​ ​ដែលមាន​ដូចជា​ការ​កសាង​ ផែ​ទេសចរណ៍​ អាហារដ្ឋាន​លេីទឹក​ កន្លែង​ហាត់ប្រាណ​ ស្ទីមសូណា​ បឹងហ្គាឡូ​ អាហារដ្ឋាន​ ផាប​ ក្លឹប​ សួនផ្កា​ សួរកុមារ​ កន្លែង​ថតរូប​អនុស្សាវរីយ​​ កន្លែង​ពិចនិច​ ទីតាំង​កញ្ចុះ អង្គុយលេង​ កម្សាន្ត​​ និងផ្សារ​លក់ អាហារ​ផងដែរ។

ក្នុងកិច្ចប្រជុំ លោក​ អ៊ុន​ ចាន់ដា ក៏បានបាន​ណែនាំ​គោលការណ៍​សំខាន់ៗ​ ដល់​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​​ធ្វើ​ការ​កែសម្រួល​ឡើង​វិញ​ ឬ​បំពេញ​នូវចំណុច​ខ្វះខាត​ មួយ​ចំនួនជាមុន​សិន​​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់ផ្ដើម​ចុះ​កិច្ចព្រមព្រៀង​សហការ​ ក្នុងការអភិវឌ្ឍន៍​ឆ្នេរ​ទន្លេ​ក្នុង​ក្រុងកំពង់ចាម​ សំដៅ​ធ្វើ​យ៉ាងណា​ ឲ្យ​មានទាំង​គុណភាព​ សោភ័ណភាព​ស្រស់បំព្រង​ និង​អនាម័យ​ល្អ​ ឲ្យ​សាកសម​ ជា​ទីក្រុង​ទទួល​ជ័យលាភី​រំដួល​៣ទង​ នាពេល​កន្លង​មក​ និង​រក្សា​ខ្សែ​ក្រវ៉ាត់​នេះ​ បន្ត​ទៅ​មុខ​ផងដែរ​ ៕SRP