អភិបាលខេត្តកំពង់ចាម​ ពន្លឿន​ការ​សាងសង់​​ វិមានឯករាជ្យ ឲ្យបាន​រួចរាល់ មុន​ថ្ងៃទី​៩ វិច្ឆិកា​ ​២០២២​

0

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បាន​ជម្រុញ​ដល់​ក្រុម​ការងារ​បច្ចេកទេស​ ឲ្យ​ពន្លឿន​ ការ​សាងសង់​​ វិមានឯករាជ្យ ធ្វើ​យ៉ាងណា​ ឲ្យបាន​រួចរាល់ មុន​ថ្ងៃទី​៩ វិច្ឆិកា​ ​២០២២​ ខណៈ​ដែល​ការស្ថាបនាសម្រេច​ បាន​ប្រមាណ​ជាង​៥០%ហេីយ។

លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ថា ការរៀបចំ​សាងសង់​ វិមានឯករាជ្យ​ ស្ថិត​នៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ នេះ គឺអាជ្ញាធរខេត្ត​ មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណ្ឌភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។​

គួរ​​រំលឹកថា ទីតាំង​ដែលលោក​​អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ មាត់ច្រក​ចូល ទៅ​សាលា​គរុកោសល្យ​ ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ លោក​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​ពិនិត្យ​ការ​សាងសង់​ វិមានឯករាជ្យ​ខាងលើ​រួច​ ​លោកអភិបាលខេត្ត​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋានសាងសង់អាគារពហុបំណង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុង ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដេីម្បី​ពន្លឿន​ការ​សាងសង់​ឲ្យ​បាន​ឆាប់​រួចរាល់​ផង​ដែរ​៕SRP