លោកគន់​ គីម​៖ គុណចំណាច់​​របស់ អតីតយុទ្ធជន មានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីរាជរដ្ឋាភិបាល​

0

ខេត្តកំពង់ចាម​៖លោក​ទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធាន​ និងជាអគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា​ បានថ្លែងថា គុណចំណាច់​​របស់ អតីតយុទ្ធជន មិនត្រូវបោះបង់ចោលនោះទេ ពោលគឺមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី​សំណាក់​ រាជរដ្ឋាភិបាល​ ឲ្យសក្តិសម ទៅនឹងអ្វីដែលបងប្អូនជា អតីតយុទ្ធជន បានលះបង់ពលី ទាំងកំលាំងកាយចឹត្តក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។​

ការ​ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២២​ នៅសាលាខេត្តកំពង់ចាម​ នាព្រឹក​មិញនេះ​។

លោក​គន់​ គីម​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកអំពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន​ ចំពោះជាតិ​មាតុភូមិ និងប្រជាជនកម្ពុជា ដោយឡែក​ការប្រារព្ធ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដែល​បាន​ធ្វើឡើង​ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ផ្សព្វផ្សាយ​ ឲ្យប្រជាជន ទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជនយេីង​។

លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​ខេត្តកំពង់ចាម​ បាន​អាន​នូវ​សារលិខិត​របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានបានលើកឡើងពីពលិកម្ម ប្រកបដោយស្មារតី ស្នេហាជាតិរបស់ អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជា នៅគ្រប់​ដំណាក់កាល​ នៃប្រវត្តិសាស្ត្រ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងកិច្ចការពារ បូរណភាពទឹកដី ក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់​ ព្រះរាជាណាចក្រកម្ពុជា សំដៅធានា​ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា​ ផងដែរ​។

ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៥​នេះដែរ​ បងប្អូនអតីតយុទ្ធជន ដែលចូលរួមក្នុងពិធី ត្រូវបានទទួលការឧបត្ថម្ភ ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផងដែរ​៕SRP