ខេត្តសៀមរាប៖សមត្ថកិច្ចបង្ក្រាបទីតាំងខារ៉ាអូខេខុសច្បាប់មួយកន្លែង ឃាត់មនុស្សចំនួន ១១នាក់ រួមទាំងម៉ូតូបញ្ចាំចំនួន១២គ្រឿងផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋម។
ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង១០នាទីយប់ស្ថិតត្រង់ចំណុច ស្លាកយីហោ <អាហារដ្ឋានបងស្រី> ស្ថិតក្នុងភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ដោយនគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកស្រីដួង ថាវរី ស្នងការរង សហការជាមួយនគរបាលស្រុកអង្គរជុំ និងនគរបាលគោកដូង ក្រោមបញ្ជារបស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប្រភពពីសមត្ថកិច្ចក្នុងហេតុការបង្ក្រាបបានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនថៅកែ និងអ្នកបម្រើការនៅទីនោះទាំងប្រុស-ស្រី សរុប ១១នាក់ (ប្រុស២នាក់) នឹងនាំខ្លួនដើម្បីបន្តនីតិវិធីនៅការិយាល័យជំនាញ។
ប្រភពបានបន្តថាម៉ូតូចំនួន១២គ្រឿង ដែលបានដាក់បញ្ចាំខុសច្បាប់ នៅទីតាំងខាងលើនេះ បានដកហូតដឹកជញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដើម្បី ស្រាវជ្រាវរកម្ចាស់ម៉ូតូពិតប្រាកដ៕SRP

