សម្តេចតេជោ រំលឹកថា មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»

0

ភ្នំពេញ៖ក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ -២០២១ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃចន្ទនេះ សម្តេចហ៊ុន សែន បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។

សម្តេចហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបាន ត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។

កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ ផែនការ នឹងធ្វើឱ្យលេចឡើង មន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។

ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋ ជាចៅហ្វាយនាយរបស់ខ្លួន  បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕SRP