ខេត្តសៀមរាប៖អ្នកជិះម៉ូតូចំនួន២ នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង វេលសម៉ោង២២ និង៥០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាបួនស្តុបសាលារៀនគ្រួស ចន្លោះគីឡូម៉ែត្រលេខ ៣១៦និ៣១៧ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។
របាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះរវាងរថយន្ត និង ម៉ូតូ ដែលបង្កឡើងរថយន្ត។ រថយន្តម៉ាក HYUNDAI AERO QUEEN (45កៅអី) ប្រភេទដឹកអ្នកដំណើរធុនធំ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 3C.9774 បើកបរមានទិសដៅពីលិច ទៅកើត បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREM ពណ៌ ខ្មៅពាក់ស្លាកលេខ សៀមរាប1Q.8289 អ្នកបើកបរឈ្មោះ អ៊ុយ សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានអ្នករួមដំណើរម្នាក់ ឈ្មោះសុខ ផាត់ ប្រុសអាយុ៦៦ឆ្នាំ រស់ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប បើកបរមានទិសដៅពីកើត បត់ឆ្វេងទៅត្បូង។
របាយការណ៍បន្តថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស០២នាក់៖ ១.ឈ្មោះ អ៊ុយ សុភ័ក្រ្ត អ្នកបើកបរម៉ូតូ(អត់ពាក់មួកសុវត្ថិភាព) ស្លាប់នៅមន្ទីរពេទ្យ ២.ឈ្មោះ សុខ ផាត់ អ្នករួមដំណើរម៉ូតូ(អត់ពាកមួកសុវត្ថិភាព) ស្លាប់នៅកន្លែងកើតហេតុ។ ក្នុងនោះខូតខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តធ្ងន់ ១គ្រឿង។ មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន។
របាយការណ៍បញ្ជាក់ថាក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួន ក្នុងនោះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP

