ករណីល្បែង «ភ្នាល់ទឹកភ្លៀង» នៅសង្កាត់អូរឬស្សីទី២ ប៉ូលិសបដិសេធថា ពុំមានលេងនោះទេ

0

ភ្នំពេញ៖ករណីព័ត៌មានបានផ្សព្វផ្សាយថាមានល្បែង ស៊ីសង (ភ្នាល់ទឹកភ្លៀង) ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ប៉ូលិសបដិសេធថា ពុំមានលេងនោះទេ។

ប៉ូលិសរាជធានីភ្នំពេញបានចេញមុខបកស្រាយថា៖ បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា “ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ជាច្រើនកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាប” ភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ​។

បើទោះបីមានការបដិសេធពីនគរបាលរាជធានីភ្នំពេញ បែបនេះក្ដី ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ល្បែងភ្នាល់ទឹកភ្លៀងនៅសង្កាត់អូឬស្សី ២ បានបើកដំណើរការជាច្រើនថ្ងៃមកហើយដោយមានការភ្នាល់គ្នារាប់ពាន់ម៉ឺនដុល្លារ៕SRP