អភិបាលខេត្តកំពង់ចាម​ ​ប្រាប់ពលរដ្ឋ​ ឲ្យ​រួមគ្នា​​ ថែរក្សាសុខសន្តិភាព​​

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្រាប់ដល់​​ប្រជាពលរដ្ឋ​ ឲ្យ​រួមគ្នា​​ ថែរក្សា​សុខសន្តិភាព​​ទាំងអស់គ្នា ដើម្បី​បន្ត​ធ្វើ​​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង ឲ្យកាន់តែ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ សម្បូរ សប្បាយ​រុងរឿង​បន្តទៅទៀត​។

ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ក្នុង​វត្ត​ឥន្ទ​កោ​សី ហៅ​វត្ត​កោះជ្រូក ស្ថិតក្នុង​ភូមិ​ទី​១៣ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម នៅថ្ងៃសៅរ៍នេះ។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​សុខសន្តិភាព​ជូន​ប្រទេសជាតិ នឹងធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ។ ជាក់ស្ដែង​នៅក្នុង​ថ្ងៃនេះ សមិទ្ធផល​ដែល​សាងសង់​រួច ក្នុង​ទី​អារាម​ឥន្ទ​កោ​សី ហៅ​វត្ត​កោះជ្រូក ដែលមាន​តម្លៃ​ប្រមាណ​ជា ៥៣ ម៉ឺន​ដុល្លារ​អា​មេ​រិច ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

អភិបាលខេត្បាន​បញ្ជាក់ថា សមិទ្ធផល​ខាងលើ​នោះ គឺ​ផ្ដើមចេញ​ដោយ​កត្តា​ប្រទេសជាតិ​ មាន​សុខ សន្តិភាព ធ្វើឱ្យ​ប្រជាពលរដ្ឋ​ យើង​មានឱកាស​គ្រប់គ្រាន់ ក្នុង​ការរក​ទទួលទាន​មានបាន មាន​ជីវភាព​ធូរធារ ទើប​ធ្វើឱ្យមាន​ថវិកា​ ដើម្បី​ចូលរួម​ជា​បច្ច័យ ដោយ​សទ្ធា​ជ្រះថ្លា យកមក​កសាង​សមិទ្ធផល​ទាំងឡាយ​ដូចជា​ការចាក់ដី​ក្នុង​ទីធ្លា​វត្ត , ជួសជុល​ព្រះវិហារ​, កសាង​ឈាបនដ្ឋាន , កសាង​ដងទង់ និង​ឧប្បដ្ឋានសាលា ។​ល​។​ដែលមាន​តម្លៃ​រហូតដល់​ទៅ​ជាង ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ដូច​ពេលនេះ។

លោកបាន​សង្កត់​ធ្ងន់​ថា​ ដោយសារ​កត្តា​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ មាន​ការរីកចម្រើន​ទន្ទឹមគ្នា ទាំង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​៕SRP