លោកផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះលោកនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពហើយបានមានប្រសាសន៍ថាជារឿងដ៏ល្អណាស់ដែល នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញ មេបញ្ជាការកងទ័ពជើងគោក របស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ការអញ្ជើញបែបនេះធ្វើឡើងនៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា នេះ គឺជាជំនួបមួយដែលមានសារៈសំខាន់ក្នុងនាមជាប្រទេសជិតខាង ក្នុងនាមប្រទេសបងប្អូនគ្នា ហើយកន្លងទៅថ្មីៗនេះប្រទេសយើងទាំងពីរក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៅវិញទៅមក។ សម្ដេចតេជោពិតជារីករាយដែលបានមើលឃើញពីលទ្ធផលអ្វីដែលយើងបានអនុវត្តនិងសម្រេចជាមួយគ្នាកន្លងមកនេះ ហើយទាំងអស់នេះ នឹងធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជម្រាបជូននាយករដ្ឋមន្ត្រីឡាវ ដើម្បីអោយត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខនៅពេលដែលសម្ដេចអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡានោះ។ នាយករដ្ឋមន្ត្រីឡាវបានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោបានមានប្រសាសន៍លើកឡើង ជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី ហើយលោមក៏បានអបអរសាទរចំពោះកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ៕SRP

